(សៀមរាប)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់សមត្ថកិច្ចខេត្តសៀមរាប ត្រូវបន្តអនុវត្តឱ្យបានកាន់តែល្អលើគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខណៈបច្ចុប្បន្នការអនុវត្តគោលនយោបាយនេះ កាន់តែមានភាពល្អប្រសើរឡើង។
ការជំរុញយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ សួស អង្គារ៍ នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ និងអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបន្តថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាការដាក់ចេញរបស់រាជរដ្ឋាភិបាល ដែលប្រគល់ឱ្យក្រសួងមហាផ្ទៃ ជាសេនាធិការ។ ហើយចាំបាច់ត្រូវរៀបចំក្រុមការងារ ចុះតាមខេត្តនីមួយៗ ដើម្បីពិនិត្យមើលនៃការអនុវត្តគោលនយោបាយនេះ។
នាយឧត្តមសេនីយ៍ បន្តថា ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជំរុញ និងពង្រឹងការងារប្រឡងប្រណាំង ព្រមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ បន្ថែមថា អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវសហការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស ត្រូវពង្រឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំង និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
លោក ឌី រ៉ាដូ បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តតាមផែនការការពារ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រក្សាបាននូវសន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកាន់ខេត្តសៀមរាប។
ជាមួយនេះ លោកបញ្ជាក់ថា ដើម្បីទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រុមការងារថ្នាក់ជាតិ ចុះជំរុញផ្សព្វផ្សាយ រៀបចំការប្រឡងប្រណាំង និងផ្ដល់ប្រាក់រង្វាន់ដល់ឃុំ សង្កាត់ និងបុគ្គលឆ្នើមក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ជាបន្តបន្ទាប់ផងដែរ៕