(ភ្នំពេញ)៖ ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។

លោកបន្តថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២១៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតក្នុងវិស័យកាត់ដេរមានចំនួនជាង ៩៧ម៉ឺននាក់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានគូសបញ្ជាក់បន្ថែមថា កំណើននេះគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងជំនឿទុកចិត្តពីវិនិយោគិនជាតិ ជាពិសេសវិនិយោគិនអន្តរជាតិមកលើរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ បាននិងកំពុងបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជូនវិនិយោគិន រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលវិនិយោគិនកំពុងត្រូវការសម្រាប់បង្កើនផលិតភាព។

លោក ស៊ុន មេសា សង្កត់ធ្ងន់ថា៖ “សុខភាពវិស័យកាត់ដេរ និងកំណើនសហគ្រាសនៅកម្ពុជា បន្តមានសុខភាពល្អដោយរោងចក្រសហគ្រាសបន្តកើនឡើងគួរជាទីមោទនៈ ដែលបង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្ត និងការអនុវត្តដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលធ្វើឱ្យពលរដ្ឋគ្រប់គ្នារីករាយមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរខណៈដែលកម្មករនិយោជិតមានការថែទាំសុខភាពដោយឥតគិតថ្លៃ មានប្រាក់គ្រោះថ្នាក់ការងារ មានប្រាក់សោធនពេលចាស់ថែមទៀតផង”។

ជាមួយកំណើនរោងចក្រសហគ្រាសប្រមាណជាង ៥,៣ពាន់នេះ បានធ្វើឱ្យកម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណ២៥ម៉ឺននាក់ជាពិសេសវិស័យឧស្សាហកម្ម។ នេះបើតាមលោក ស៊ុន មេសាដដែល។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ សូមស្វែងរកឱកាសការងារដ៏ច្រើនសម្បូរបែបនៅក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន សុវត្ថិភាព កាត់បន្ថយការចំណាយ នៅជិតគ្រួសារ និងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួនជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខដែលតែងតែគិតគូរពីឧត្តមប្រយោជន៍របស់បងប្អូនពលករ កម្មករនិយោជិត និងប្រជាពលរដ្ឋជាអាទិភាព៕