(ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់អំពីការរៀបចំច្បាប់ដកសញ្ជាតិ ដោយលោកបានបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ធ្វើឡើងដើម្បីការពាររដ្ឋ ប្រឆាំងអ្នកគប់គិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តំណាងរាស្រ្តទាំងអស់ នៅក្នុងព្រឹទ្ធសភា មានការ​ឯកភាពជានយោបាយ ដើម្បីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ បើកផ្លូវឲ្យមានការរៀបចំច្បាប់ ក្នុងការដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលគប់គិតជាមួយបរទេស ក្បត់ជាតិឯង ឬ ធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន»។

បើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ មូលហេតុដែលនាំឲ្យមានច្បាប់នេះ គឺផ្អែកលើចំណុចសំខាន់ចំនួន ៣ រួមមាន៖

ទី១៖ ច្បាប់នេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងហេតុថា ការរៀបចំច្បាប់នេះ គឺធ្វើឡើងគ្មានអ្វីក្រៅពី ការបន្សុទ្ធនូវទឹកចិត្តស្នេហាជាតិរបស់ ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិនោះទេ។ ពោលគឺ នៅក្នុងសេចក្ដីថ្លែងហេតុ បានបញ្ជាក់ច្បាស់ថា ការធ្វើសេចក្ដីស្នើសុំវិសោធនកម្មនេះ គឺដើម្បីលើកកម្ពស់ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និង​សេចក្ដីស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តិដ៏សំខាន់ របស់រដ្ឋដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋដែលគប់គិត ជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្តីសុខសាន្តរបស់ប្រជាជននឹងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ទី២៖ ដើម្បីធានាការគោរពនៅមាត្រា ៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។

ទី៣៖ ដើម្បីរួមចំណែកយ៉ាងសំខាន់ប្រឆាំងនៅការជ្រៀតជ្រែក ពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអះអាងថា មាត្រា ៣៣ នេះអាចធ្វើទៅបាន ព្រោះមិនមានប៉ះពាល់ទៅនឹងគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញនោះទេ។ មាត្រា៣៣ នេះអាចធ្វើទៅបានអាស្រ័យលើ មូលដ្ឋានស្នើច្បាប់ចំនួន៣រួមមាន៖

ទី១៖ មូលដ្ឋានច្បាប់ជាតិ
ទី២៖ មូលដ្ឋានច្បាប់អន្តរជាតិ
ទី៣៖ មូលដ្ឋានច្បាប់នៃបណ្ដារដ្ឋ នៃបណ្ដាប្រទេសធំៗនៅក្នុងពិភពលោក

សូមជម្រាបថា ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ មិនមែនជាថ្មីនោះទេ។ ដោយផ្អែកតាមការសិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាធ្លាប់មានច្បាប់កំណត់អំពី ការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពី បាត់បង់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឲ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។ មិនតែប៉ុណ្ណោះ នៅតាមបណ្តាប្រទេសជាច្រើនដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម សុទ្ធតែមាន ច្បាប់កំណត់អំពី ការដកសញ្ជាតិពលរដ្ឋខ្លួន ជាពិសេសក្នុងករណីប្រព្រឹត្តអំពើប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕