(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបថា លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃជំនាន់ឲ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម្តេចតេជោ បានចាត់ទុកថា ទង្វើរបស់លោក ថាក់ស៉ីន ដែលផ្តល់ឯកសារឲ្យសម្តេច គឺជាអំពើក្បត់ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ថាក់ស៉ីន ត្រូវចាំ ថាក់ស៉ីនឯងលួចផ្តល់ឯកសារឲ្យខ្ញុំយ៉ាងណា នៅពេលដែលរដ្ឋាភិបាល អភិសិត។ ថាក់ស៉ីន កុំច្រឡំ ថាក់ស៉ីន ឯងនិយាយខុសហើយ។ ខ្ញុំបង្ហោះសារពីម្សិលមិញ ថ្ងៃនេះ ខ្ញុំនិយាយថែមបន្តិចទៅចុះ។ ថាក់ស៉ីន កុំភាន់ច្រឡំ ថាក់ស៉ីន ឯងថា ស្តាយដែលរាប់អានមនុស្សខុស។ ថាក់ស៉ីន ឯងយល់ច្រឡំធំណាស់ បើគ្មាន ហ៊ុន សែន ថាក់ស៉ីន ក៏អត់អាចចូលស្រុកបានដែរ ហើយក៏មិនអាចមកតំបន់អាស៉ីអាគ្នេយ៍បានដែរ។ ប៉ុន្តែ ថាក់ស៉ីន ឯងចង់ឲ្យខ្ញុំបញ្ចេញ ថាក់ស៉ីន ឯងបញ្ជូនឯកសារអភិសិត វ៉ាចាជីវ៉ា ឲ្យខ្ញុំ។ ថាក់ស៉ីន ឯងមានបទល្មើសក្បត់ជាតិថៃខ្លួនឯង ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន ៣ម៉ោង ទៅ៤ម៉ោង»

សម្តេចតេជោ បានបន្តថា «យប់មិញ ខ្ញុំមើលតិកតុក គឺឆ្នាំ២០១០ ខ្ញុំប្រកាសអត់យកលុយថៃ កសាងផ្លូវលេខ៦៨។ អភិសិត បានទូរសព្ទមកសួរខ្ញុំ ថាតើម៉េចបានជាឯកឧត្តម មិនទទួល ប្រាក់កាក់។ ខ្ញុំថា អត់ទទួលទេ ដោយសារខ្ញុំទទួលបានព័ត៌មានជាក់លាក់ថាឯកឧត្តមបង្កកលុយ […] ដើម្បីធ្វើមកលើកម្ពុជា។ អីចឹង តើឯកសារហ្នឹង បានមកពីណា គឺបានមកពី ថាក់ស៉ីន អ្នកលួចផ្តល់ឯកសារមកឲ្យខ្ញុំ។ អីចឹង ថាក់ស៉ីន សូមកុំច្រឡំ កុំច្រឡោត។ កូនខ្លួនឯងប្រមាថខ្ញុំ ទើបខ្ញុំត្រូវធ្វើ។ ខ្ញុំ និងកាសែត Nikkei បានធ្វើការទស្សន៍ទាយថា ហេតុអ្វីបានជា ហ៊ុន សែន ធ្វើអីចឹង ចុងក្រោយ កាសែត Nikkei ធ្វើការសន្និដ្ឋានមួយបានត្រឹមត្រូវ ថាលោក ហ៊ុន សែន ធ្វើអីចឹង ព្រោះចង់ដោះស្រាយព្រំដែន ដែលមិនទាន់ដាច់ស្រេចគ្នា គឺនៅក្នុងពេលវេលា ដែលគាត់នៅមានអំណាច។ ត្រឹមត្រូវ ខ្ញុំចង់ដោះស្រាយអាហ្នឹង»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺមិនចង់បានសង្គ្រាមទេ ហើយការយកសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ឡើងទៅតុលាការអន្តរជាតិឡេអេ គឺជាសន្តិវិធីដែរ។ ការចរចា ទ្វេភាគីក៏សន្តិវិធី​ និងការឡើងទៅតុលាការក៏សន្តិវិធី ព្រោះជម្រើសអត់មានអ្វីផ្សេងទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បរទេសទាំងឡាយ ដែលគោរពច្បាប់ សូមគោរពគោលជំហររបស់កម្ពុជាផងដែរ។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។

សម្តេចតេជោ បានថ្លែងថា ប្រហែលជាពេលណាមួយ ត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីនិយាយពីរឿង ថាក់ សុីន ដែលសម្តេចបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។

បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕