(ភ្នំពេញ)៖ នៅផ្លូវថ្មើរជើង (Walk Street) កាន់តែល្បីល្បាញខ្លាំងណាស់ នៅសប្ដាហ៍ទី២៣នេះ មានការសម្ដែងល្ខោនបាសាក់ រឿង «តេជោមាស តេជោយ៉ត» ឲ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនាទោះបីនៅនារាត្រីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ មានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹកភ្លៀង មិនបានរារាំងប្រជាពលរដ្ឋ ក៏ដូចថ្នាក់ដឹកនាំមកលេងកម្សាន្ដនៅផ្លូវ ថ្មើជើងនោះទេ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក្រុមទី១ ដែលដឹកនាំការសម្ដែង ដោយលោក អុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម ដែលរោងល្ខោន នៅផ្លូវថ្មើរជើង (Walk Street)។
រោងល្ខោនរៀបចំក្បែរទីតាំងរូបសំណាក់ តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលមុខរោងល្ខោន លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានទស្សនាការសម្តែងល្ខោនបាសាក់ រឿង «តេជោមាស តេជោយ៉ត» ជាមួយប្រជាពលរដ្ឋ ដែលមានទាំងអង្គុយ និងឈរ ទាំងចាស់ ទាំងក្មេង យ៉ាងច្រើនកុះករ រួមជាមួយភាពប៉ិនប្រសព្វ នៃការសម្តែងរបស់ក្រុមដឹកនាំសម្តែង ដោយលោក អុល សំអាង បានញ៉ាំងឱ្យបរិយាកាស នៅមុខរោងល្ខោន កាន់តែអ៊ូរអរ ដោយបានទាក់ទាញអ្នកមកកម្សាន្ត នៅផ្លូវថ្មើរជើង (Walk Street) ពីម្នាក់ទៅម្នាក់ ចូលមកទស្សនា បង្កើតបានភាពសប្បាយរីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្ត នាចុងសប្តាហ៍។
នៅក្នុងការសម្តែងរបស់ក្រុមសម្តែងល្ខោន ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ដែលសម្តែងជូនអ្នកទស្សនា នារាត្រីទី១៣ កក្ដដា នេះ ជាសាច់រឿងមួយឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឲ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣។
ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលបលួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្កជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន។
នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរ ឈ្មោះ តេជោមាស និងតេជោយ៉ត ដែលជាគ្រូ និងសិស្ស បានបណ្តេញពួកចោរសៀម ឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឲ្យប្រជាពលរដ្ឋ ដែលចូលរួមទស្សនា ស្រែកហ៊ោ និងទះដៃអបអរសាទរយ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹង ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោង លើ២៤ម៉ោង ក្នុងការការពារបូរណភាពទឹកដី ឯនាព្រំដែនផងដែរ។
ការសម្តែងល្ខោនបាសាក់ របស់ក្រុមសម្តែង លោក អុល សំអាង នាផ្លូវថ្មើរជើង (Walk Street) នេះ ត្រូវបានឧបត្ថម្ភគាំទ្រពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណា ឲ្យពលរដ្ឋដែលមកកម្សាន្ត នៅផ្លូវថ្មើរជើង ទទួលបានបទពិសោធន៍ថ្មីៗ ជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្តនិងការស្នេហាជាតិ របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ដំណើររឿង «តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើង នៅក្នុងសម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទជ័យ ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុងកិច្ចការពារបូរណភាពទឹកដី។
ក្នុងរឿងល្ខោននោះ តួអង្គ តេជោយ៉ត បានប្រើយុទ្ធវិធីអូសឫស្សីបញ្ចាស់ចុង ដើម្បីរកខ្មាំងសត្រូវ និងជនបង្កប់ផ្ទៃក្រោយប្រើវិធីនេះហើយ ពួកជនបង្កប់ផ្ទៃក្នុង ត្រូវបានបង្ក្រាបទើបព្រះរាជាណាចក្រខ្មែរសម័យនោះ ទទួលបានជ័យជំនះពីការឈ្លានពាន។ តេជោយ៉ត ជាតួអង្គតំណាងឲ្យមេទ័ពខ្មែរ នៅសម័យឧដុង្គ ដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលទង្វើនេះ ជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង៕