(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមជាមួយរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំកូនឈើចម្រុះ២០០ដើម មកដាំនៅអតីតព្រលានយន្តហោះចាស់ ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដើម្បីអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥។

បើតាមការលើកឡើងពីសំណាក់លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី បានឱ្យដឹងថា ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥ នេះកូនឈើចម្រុះជាច្រើនប្រភេទចំនួន២០០ដើម រួមមាន៖ គ្រញូង ក្ងោក បេង ធ្នង់ព្រីង ទឹកដោះ ត្រូវបាននាំយកមកដាំក្នុងថ្ងៃនេះ។

លោកថា កន្លងមកក្នុងដើមរដូវវស្សានេះ ខណ្ឌរដ្ឋបាលព្រៃឈើបានចែកកូនឈើដល់ប្រជាពលរដ្ឋ សាលារៀន សាលាស្រុក សាលាឃុំ ដាំមុនសរុបជិត១,០០០ដើមផងដែរ។ ឆ្នាំនេះរដ្ឋបាលខេត្តបាន កំណត់យកទីតាំងវិមាន​ឯករាជ្យ អតីតព្រលានយន្តហោះដើម្បីរៀប ចំពិធី «រុក្ខទិវា» ដាំដើមឈើនាព្រឹកនេះ មានលក្ខណៈជាប្រពៃណីជាតិដើម្បី ឱ្យអាជ្ញាធរ ក្រុង ស្រុក ឱ្យបំផុសចលនា ប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅតាមវត្តអារាម សាលារៀន និងទីសាធារណៈ ពិសេសនៅបរិវេណ សាលាស្រុក សាលាឃុំ ដែលមានទីធ្លាធំទូលាយ ការដាំឈើជានិច្ចកាល លោកអភិបាលខេត្តតែងតែយក ចិត្តទុកដាក់ណែនាំដាំឈើ ដើម្បីសោភ័ណភាពខេត្ត និងរក្សាបាន បរិស្ថាន បៃតងជានិច្ច និងបានជាផលប្រយោជន៍ បង្កើនគម្របព្រៃតំបន់ទេសភាពពណ៌បៃតង និងស្តារបរិស្ថានធនធានធម្មជាតិ មានបរិយាកាសល្អ សម្រាប់ជីវិតសត្វ និងមនុស្ស។

ថ្លែងក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានចាត់ទុក រុក្ខទិវា គឺជាទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ និងជាការអនុវត្តន៍នូវ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោល ដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញពីព្រោះ ថា ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម ហើយព្រៃឈើក៏មានតម្លៃយ៉ាងធំធេង សម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះយើង ត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។

អភិបាលខេត្តបានបន្តថា ពិធីអបអរសាទរបុណ្យរុក្ខទិវា មានអត្ថន័យ និងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ទាំងអស់ឱ្យចូលរួមដាំដុះព្រៃ ឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឱ្យបានគង់វង្ស ហើយលើសពីនេះអភិវឌ្ឍន៍ធនធានទាំងនេះឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈបុណ្យរុក្ខទិវា ៩ កក្កដា ២០២៥ លោកអភិបាលខេត្តសង្ឃឹមជឿជាក់ថា ព្រះថេរានុថេរៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ នឹងយកព្រះទ័យ និងយកចិត្តទុកដាក់ដាំ ដើមឈើគ្រប់ប្រភេទឱ្យបានច្រើនជាអតិបរមានៅ តាមវត្តអារាម តាមភូមិឋានទីសាធារណៈ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានាហើយខិតខំថែរក្សាដើមឈើ ទាំងអស់នេះឱ្យដុះលូតលាស់ល្អឡើងរាប់ជំនាន់ក្រោយៗទៀតជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាតិលើពិភពលោក៕