(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្រេចដោយជោគជ័យ ក្នុងការសម្របសម្រួលវិវាទនៅរោងចក្រ ឡឺ ក្រោន ស៊ូ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមដោយគ្រប់ភាគីសប្បាយចិត្ត និងរីករាយជាមួយដំណោះស្រាយដោយកម្មករទទួលបានផ្អែកទៅតាមច្បាប់។
លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «កម្មករបានទទួលប្រាក់សំណងរួចរាល់ហើយតាំងពីថ្ងៃសៅរ៍មកម្ល៉េះ ដោយបងប្អូនកម្មករទទួលយកសំណងយ៉ាងរីករាយ និងសប្បាយចិត្តក្រោមដំណោះស្រាយរបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
អ្នកនាំពាក្យក្រសួងការងាររូប បានបន្ថែមថា តាំងពីកើតវិវាទភ្លាមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញរបស់ក្រសួង ក៏ដូចជាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម បានចុះដោះស្រាយភ្លាមដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ និងនិរន្តរភាពរបស់រោងចក្រសហគ្រាស។
បើតាមអ្នកនាំពាក្យដដែលរូបនេះ ក្រោមការសម្របសម្រួល និងដោះស្រាយប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងច្បាស់លាស់ពីមន្ត្រីជំនាញអធិការកិច្ច និងវិវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនកម្មករទទួលយកដោយពេញចិត្ត និងសប្បាយរីករាយ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលចង់បានឱកាសការងារថ្មី សូមទាក់ទងមជ្ឈមណ្ឌលការងារ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៤២ ២១០ ២៧៧/ ០១៦ ៦៥៦ ៦៥៥ ឬទាក់ទង១២៩៧ ខណៈដែលកម្ពុជា កំពុងខ្វះកម្លាំងពលកម្មប្រមាណជាង ២៥ ម៉ឺនកន្លែងនៅទូទាំងប្រទេស៕