(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ស្រាវជ្រាវ ស្ដីពី “ទស្សនវិស័យនៃស្ថាបនិកធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យានៅកម្ពុជា ២០២៥” ក្នុងគោលដៅផ្ដល់ពុទ្ធិដ៏មានតម្លៃដែលទាញចេញពីទស្សនវិស័យ និងបទពិសោធន៍របស់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។

ការស្រាវជ្រាវនេះ បានសម្ភាសស៊ីជម្រៅជាមួយស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាចំនួន ៤២ នាក់ ក្នុងគោលបំណងចំនួន ២សំខាន់ រួមមាន (១) ស្វែងយល់ពីទស្សនៈ និង បទពិសោធន៍របស់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលពួកគេជួបប្រទះពេលចូលរួមក្នុងកម្មវិធី Hackathons, កម្មវិធីបណ្ដុះអាជីវកម្ម និងកម្មវិធីពន្លឿនអាជីវកម្ម និង (២) កំណត់ចំណុចគួរកែលម្អក្នុងកម្មវិធីគាំទ្រទាំង ៣នេះ ដែលស្នើដោយស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។

ការស្រាវជ្រាវនេះបានរកឃើញថា ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាបានផ្សារភ្ជាប់ខ្លួនទៅនឹងកម្មវិធីពន្លឿនអាជីវកម្មច្រើនជាង កម្មវិធីបណ្ដុះអាជីវកម្ម និង កម្មវិធី Hackathons ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។ ស្ថាបនិកទាំងនេះបានរំលេចនូវខ្លឹមសារនៃសេចក្ដីប្រកាស និង ការផ្សព្វផ្សាយអំពីកម្មវិធី ជាកត្តាចាំបាច់សម្រាប់ពួកគេក្នុងការធ្វើសេចក្ដីសម្រេចចិត្តចូលរួម។ ស្ថាបនិកជាច្រើនបានលើកពីកង្វល់នៃកង្វះអ្នកតម្រង់ទិសដែលមានគុណភាព និង បានកំណត់ថាតម្រូវការនៃការចូលរួមដោយផ្ទាល់ និង កិច្ចខំប្រឹងប្រែងនានា ជាបញ្ហាប្រឈមចម្បងសម្រាប់ការចូលរួមកម្មវិធីគាំទ្រ។

ជាងនេះទៀត, ស្ថាបនិកខ្លះបានបង្ហាញនូវការចង់បានការគាំទ្រដែលមានសង្គតិភាព បន្ទាប់ពីកម្មវិធីនីមួយៗ ត្រូវបានបញ្ចប់ ជាពិសេសការគាំទ្រផ្នែកកសាងបណ្ដាញទំនាក់ទំនង, ការផ្សព្វផ្សាយយីហោ និង ការតម្រង់ទិសជាបន្តបន្ទាប់។ ប្រភេទនៃការគាំទ្រទាំងនេះ ភាគច្រើនស្រដៀងទៅនឹងការគាំទ្រដែលស្ថាបនិកមួយចំនួន ទទួលបានរួចទៅហើយ បន្ទាប់ពីកម្មវិធីបានបញ្ចប់។

អនុសាសន៍ទាញចេញពីលទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបែងចែកចេញជា ២ គឺសម្រាប់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងអ្នករៀបចំកម្មវិធី។

សម្រាប់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា, ពួកគេគួរមានភាពសកម្មក្នុងការបង្កើតសមត្ថភាពរបស់ខ្លួន, សិក្សាឱ្យបានច្បាស់លាស់ពីកម្មវិធីគាំទ្រនីមួយៗ, តាំងចិត្តចូលរួមក្នុងកម្មវិធីឱ្យបានពេញលេញ ដើម្បីបង្កើនចំណេះដឹង និងមានភាពសកម្មក្នុងការផ្ដល់ដំណឹងជាទៀងទាត់ ទៅកាន់អ្នករៀបចំកម្មវិធីបន្ទាប់ពីកម្មវិធីបានបញ្ចប់ទៅ។

សម្រាប់អ្នករៀបចំកម្មវិធី, ពួកគេគួរផ្សព្វផ្សាយឱ្យច្បាស់លាស់ នូវសេចក្ដីប្រកាសកម្មវិធី, ធានានូវនីតិវិធីជ្រើសរើសអ្នកចូលរួមក្នុងកម្មវិធីគាំទ្រ, រៀបចំកម្មវិធីគាំទ្រជាស៊េរី, ផ្ដល់មូលនិធិបណ្ដុះពន្លក និង ផ្ដល់ការគាំទ្រក្រោយកម្មវិធីបានបញ្ចប់ប្រកបដោយការយកចិត្តទុកដាក់។

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សង្ឃឹមយ៉ាងមុតមាំថារបាយការណ៍ស្រាវជ្រាវនេះ នឹងផ្ដល់ជាព័ត៌មានដ៏មានតម្លៃ និង ជាទុនបន្ថែមសម្រាប់តួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ជាពិសេសអ្នករៀបចំកម្មវិធី ក្នុងការយកទៅពង្រឹងកម្មវិធីគាំទ្រនាពេលអនាគត ឱ្យបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល។

សម្រាប់សេចក្ដីលម្អិតអំពីលទ្ធផលនៃការស្រាវជ្រាវ សូមចូលទាញយកតាមរយៈតំណភ្ជាប់ដូចខាងក្រោមនេះ៖
របាយការណ៍ជាភាសាខ្មែរ៖ https://shorturl.at/JAj8g
របាយការណ៍ជាភាសាអង់គ្លេស៖ https://shorturl.at/JZ24i