(ព្រះសីហនុ)៖ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព​ ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។

កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រ និងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។

អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការ អប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអភិរក្សអណ្តើកសមុទ្រកម្ពុជា តាមរយ:ការរៀបចំសិក្ខាសាលាអប់រំ និងការល្បាតជាប្រចាំនៅលើកោះដាច់ស្រយាល៣សំខាន់ៗ រួមមានកោះពូវ៉ៃ កោះតាង និងកោះព្រីង៕