(កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឯកសណ្ឋានជាកងទ័ព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឲ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ សម្រាប់ការបើកព្រំដែនឡើងវិញនេះ ដោយក្នុងនោះ ទី១៖ ថៃប្រកាសបើកមុន ហើយប្រកាសមិនបិទជាឯកតោភាគីជាថ្មី, ទី២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ និងទី៣៖ បើកដំណើរការប្រក្រតីភាពវិញ ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាចង់បានសាមញ្ញបំផុត រឿងបើកច្រកនេះសុំតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ឲ្យភាគីថៃហើយ បើកចុះមិនចាំបាច់អង្គុយចរចាទេ។ ទី១៖ ថៃប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា, ទី២៖ បើកម្ដង បើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និងទី៣៖ បើកឲ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ពោលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលភាគីថៃអនុវត្តនូវលក្ខខណ្ឌ៣ចំណុចនេះហើយ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោង កម្ពុជានឹងអនុវត្តតាម ពោលគឺបើកគ្រប់ច្រកវិញទាំងអស់។ សម្ដេចបន្ដថា កម្ពុជាមិនចង់ប្រើប្រាស់វិធានក្នុងការបិទច្រកព្រំដែនោះទេ ប៉ុន្ដែទ្រាំមិនបានចំពោះការសម្រេចចិត្តជាឯកតោភាគីម្ដងហើយម្ដងទៀត ពីសំណាក់ក្រុមយោធាថៃ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជា មិនចង់លេងបិទពួនដូចថៃកំពុងលេងនោះទេ មិនមែនចង់បិទក៏បិទ ចង់បើកខ្លះទុកខ្លះ ឬបិទបើកតាមទំនើងចិត្តនោះទេ ហើយកម្ពុជាយល់អំពីការលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្ដែកម្ពុជាមានសិទ្ធិក្នុងការឆ្លើយតបចំពោះការគំរាមកំហែងរបស់ក្រុមយោធាថៃ។ កម្ពុជាបញ្ជាក់ជំហរច្បាស់ គឺនៅពេលថៃបើកទាំងអស់ឲ្យវិលមករកប្រក្រតីភាពវិញ កម្ពុជានឹងអនុវត្តតាមក្រោយ។
សម្ដេចលើកឡើងទៀតថា កម្ពុជាចង់បានដំណោះស្រាយមួយច្បាស់លាស់ មាននិរន្ដរភាព ហើយបញ្ឈប់ការប្រើប្រាស់វិធានច្រកព្រំដែនជាឯកតោភាគីរបស់ថៃ មកធ្វើជាល្បែង ឬធ្វើជាលក្ខខណ្ឌនៃជីវភាពប្រជាជន ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែននោះទេ។
សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការជជែកលើការកែសម្រួលកងទ័ពអាចធ្វើទៅបាន ត្រូវបើកច្រកព្រំដែនឲ្យដូចដើមវិញជាមុនសិន ហើយកម្ពុជាមិនមែនជាអ្នកបង្កបញ្ហានោះឡើយ ដូច្នេះកូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជា រក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយក្នុងការការពារបូរណភាពទឹកដី៕