(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលថ្មីៗនេះ ទើបមានការប្រជុំចង្អៀតមួយ ក្នុងការធ្វើកំណែទម្រង់កងទ័ព ហើយការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវតែធ្វើជាប់ជាប្រចាំ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុន មានការប្រជុំចង្អៀតមួយ ដែលមានការចូលរួម ពីរដ្ឋមន្ដ្រីក្រសួងការពារជាតិ, អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក និងជំនាញមួយចំនួនរបស់កងទ័ព ដើម្បីពិនិត្យមើល ក្នុងការកែទម្រង់បន្ដទៀត ក្នុងការធ្វើទំនើបកម្មទ័ព»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ និងបញ្ហាប្រឈមចំពោះមុខ ដែលយើងមាន គឺសមត្ថភាពរបស់យើងនាពេលបច្ចុប្បន្ន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកនាំពង្រឹង ទៅលើជ្រុងខ្លះ នៃការកំណែទម្រង់ការពារជាតិ គឺត្រូវការកម្លាំងសរុបរបស់យើង ដូច្នេះការរៀបចំ ក្នុងការធ្វើពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ព ទៅថ្ងៃខាងមុខ គឺដើម្បីបង្កើនប្រសិទ្ធភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការធ្វើទំនើបកម្មកងទ័ព ត្រូវធ្វើទំនើបកម្មចំនួន៣ រួមមាន៖ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ។ សម្រាប់សម្តេចមហាបវរធិបតី ការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី៕