(កំពង់ឆ្នាំង)៖ ថ្លែងពីខេត្តកំពង់ឆ្នាំង ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានដាក់ក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាព របស់កងកម្លាំងគ្រប់រូប ក្នុងការការពារបូរណភាពទឹកដី​ និងក្លាយជាកម្លាំងដ៏រឹងមំា ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះ សម្តេចក៏បានសម្តែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និងសម្ភារដល់កងរាជអាវុធហត្ថ ឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានលើកទឹកចិត្តដល់កងកម្លំាងកងរាជអាវុធហត្ថ ​បន្តខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។

សម្តេចធិបតីមានប្រសាសន៍ទៀតថា «ខ្ញុំមានសង្ឃឹម និង ជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លាំងគ្រប់រូប និងសូមសម្តែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និងសម្ភារដល់កងរាជអាវុធហត្ថឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព»

ទន្ទឹមគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំកងរាជអាវុធហត្ថត្រូវតែជាកងកម្លំាងដ៏រឹងមាំ មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូររបស់កងយោធនពលខេមរភូមិន្ទ និងក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន​៕