(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត» នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ, ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ និងមន្រ្តីរាជការជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិក សមាជិកា នៃក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
ថ្លែងក្នុងពិធីបើក លោក ឈឹម សៅគី បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ និងជាកាយវិការគំរូមិនអាចកាត់ថ្លៃបានរបស់អ្នកបរិច្ចាគទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត នាពេលនេះ។
លោក បានមានប្រសាសន៍ថា ការស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ គឺជាសកម្មភាពសង្គមគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកជំរុញអនុវត្តចលនាជាតិ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីរាជការជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ និង យុវជន ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីត្រៀមទុកសង្គ្រោះអាយុជីវិតរបស់ប្រជាជននៅពេលចាំបាច់។
ជាមួយគ្នានេះ លោកបានបន្ដទៀតថា សកម្មភាពនេះ មិនត្រឹមតែជាការជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ របស់យើងទាំងអស់គ្នាជាខ្មែរ ដែលមានការផ្សារភ្ជាប់គ្នាពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល ព្រមទាំងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង៕