(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា រយៈពេល៣២ឆ្នាំមកនេះ មន្ត្រីកងរាជអាវុធហត្ថបានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រមទាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានចូលរួមថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់, រួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។ រីឯការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ជំរិតទារប្រាក់, ករណីផលិតនិងចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណីប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់ ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើសធនធានធម្មជាតិ, បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការពង្រឹងការអនុវត្តច្បាប់។ល។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ -១៤ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥, នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូល ទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។ កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។
ស្របតាមការវិវត្តសភាពការណ៍ជាតិ និងអន្តរជាតិ កងរាជអាវុធហត្ថ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ប្រព័ន្ធដឹកនាំបញ្ជា កំណត់តួនាទីភារកិច្ចច្បាស់លាស់ របៀបរបបការងារស៊ីសង្វាក់ប្រទាក់ក្រឡា។ ចំណែកឯការកសាងធនធានមនុស្សក្នុងកងរាជអាវុធហត្ថរួមមាន៖
*ទី១៖ មានគុណភាព ក្រមសីលធម៌ ស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខ។
*ទី២៖ ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែកវិជ្ជាជីវៈ។
និងទី៣៖ ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿងបំពាក់។ ការងារគោលនយោបាយវិញបានលេចធ្លោ ដោះស្រាយទុក្ខលំបាកដល់យោធិនៃកងរាជអាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថ តាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរហ្នឹងហ្នរត្រឹមត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានោះ ក៏បានបំពាក់មធ្យោបាយ សម្ភារៈ ក្រៅពីគោលរបបរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត កងរាជអាវុធហត្ថ បានម្ចាស់ការទិញបំពាក់បណ្ដើរៗ ដើម្បីបម្រើកិច្ចប្រតិបត្តិការ និងហ្វឹកហ្វឺន ពីថ្នាក់ជាតិ ដល់ថ្នាក់រាជធានី ខេត្ត និងបានយកចិត្តទុកដាក់ថែទាំគត់មុតនូវមធ្យោបាយ យុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ដែលមានស្រាប់។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ការកសាង កំណែទម្រង់ និងទំនើបកម្ម អភិវឌ្ឍន៍កងរាជអាវុធហត្ថនេះ ស្របតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤ «ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មហ្វឹកហ្វឺន និងទំនើបកម្មបំពាក់» និងតាមផែនការយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទផងដែរ។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា សមិទ្ធផលទាំងអស់នេះ កើតឡើងបាន គឺដោយសារប្រទេសមានសន្តិភាព ហើយសន្តិភាពនេះកើតឡើង ដោយនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងមានការចូលរួមពីប្រតិបត្តិករទាំងអស់។ សន្តិភាពនេះហើយ ដែលជាឱកាសប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការវិស័យសន្តិសុខ និងវិស័យការពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ៕