(កំពង់ស្ពឺ)៖ គណបក្សប្រជាជនកម្ពុជា នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន ២២៧នាក់ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងកម្លាំងថ្នាក់មូលដ្ឋាន ឲ្យកាន់តែខ្លាំងឡើង។
ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ ដែលបានរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្សឃុំហោងសំណំ ស្រុកឱរ៉ាល់ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
កម្មវិធីនេះ មានការចូលរួមជាគណ:អធិបតីពីសំណាក់បណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំហោងសំណំ លោក ចែម សារឹម ប្រធានគណៈកម្មាធិការគណបក្សស្រុកឱរ៉ាល់ លោកអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះជួយឃុំ ហោងសំណំ សរុប ២៤៥នាក់។
លោក ប៊ិន ត្រឈៃ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកគណបក្សប្រជាជនថ្មី បន្ទាប់ពីសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ជួយស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។
លោក ប៊ិន ត្រឈៃ បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង មានសុខ សន្តិភាព និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើនថែមទៀត។
ប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត»។
លោក ប៊ិន ត្រឈៃ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងនោះរាជរដ្ឋាភិបាលថ្មី បានសម្រេចបន្តចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យមានសកម្មភាពផុលផុសនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឈានចូលដំណាក់កាលថ្មី សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់សមាជិកថ្មីទាំងអស់ ដែលបានបញ្ចូលជាសមាជិកបក្សនៅពេលនេះ ត្រូវរួមសាមគ្គីគ្នា ឲ្យរឹងមាំផ្សព្វផ្សាយ ពីគោលនយោបាយបក្សឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ហើយនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងតំណាងរាស្ត្រ ឆ្នាំ២០២៨ ត្រូវចេះដឹកនាំសមាជិកបក្ស ក៏ដូចជាក្រុមគ្រួសារបងប្អូនឲ្យទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតគូសឲ្យចំគណបក្សប្រជាជនកម្ពុជា ម្នាក់ឲ្យបានមួយសន្លឹក ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាបន្តទៅទៀត៕