(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង។

ការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ​អាវុធ​ហត្ថភ្នំជុំសែនរីករាយ នាពេលនេះ គឺបានធ្វើឡើងស្របគ្នាការអបអរសាទរខួប​អនុ​ស្សាវ​រីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥។

យោងតាមប្រវត្តិដែលបានចងក្រងទុក បានឱ្យដឹងថា កងរាជអាវុធហត្ថ ត្រូវបាន​បង្កើត​ឡើង​តាមព្រះរាជក្រឹត្យលេខ៤៤៦ NS. និង៤៤៧ NS. ដែលមានឈ្មោះដំបូង​ថា «កងរាជអាវុធហត្ថខ្មែរ» បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩​៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ»។ ពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជាពុំមាន​កងរាជអាវុធហត្ថទេ។

តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតអគ្គសេនាធិការដ្ឋាន នៃកង​ទ័ព​ជាតិកម្ពុជា និងរចនាសម្ព័ន្ធចាត់តាំង នៃអគ្គសេនាធិការដ្ឋាន ក្នុងចំណោមស្ថាប័ន អង្គភាពទ័ពជំនាញ មានស្ថាប័នជំនាញមួយ គឺ «កងអាវុធហត្ថ» ដែលមានតួនាទី ជា​តម្រួត​យោធាគ្រប់គ្រងលើផ្នែកវិន័យ សណ្តាប់ធ្នាប់កងទ័ពទាំងទីតាំងក្នុងបន្ទាយ និង​តាមទីសាធារណៈ។

ដោយផ្អែកទៅតាមសភាពការណ៍សំណូមពរសន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងការអនុវត្ត​ច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ. និងបន្ទាប់មកបានធ្វើ​វិសោធ​នកម្មដោយ​អនុក្រឹត្យលេខ៧៧ អនក្រ. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ចែងអំពី​ភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថ ដែលគ្រប់​គ្រង​ដោយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់​នាយ​ក​រដ្ឋមន្ត្រី។ កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែល​មានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិសរដ្ឋបាល ដែលមានឧប​និស្ស័យ​ជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញ​ផ្ទៃប្រទេស​ទាំង​មូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។

កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់​ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និង​ជួយ​សង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ចាប់តាំង​ពី​បង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រម​ទាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធ​ប្រឆាំងទប់​ស្កាត់​បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់, រួមចំណែកកសាង​ព្រះ​រាជា​ណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួប​គ្រោះ​មហន្ត​​រាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិប​ម៉ឺន​លើក។ រីឯការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿង​ឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ជំរិតទារប្រាក់, ករណីផលិត និង ចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណី​ប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើស​ធនធានធម្មជាតិ, បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការ​ពង្រឹង​ការអនុវត្តច្បាប់ ។ល។ ស្របតាមការវិវត្តសភាពការណ៍​ជាតិ និងអន្តរជាតិ កង​រាជអាវុធហត្ថ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ប្រព័ន្ធដឹកនាំបញ្ជា កំណត់តួនាទីភារកិច្ចច្បាស់លាស់ របៀបរបបការងារស៊ីសង្វាក់ប្រទាក់ក្រឡា។

កងរាជអាវុធហត្ថ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការកសាងធនធានមនុស្សផងដែរ។ ការងារកសាងធនធានមនុស្សកងរាជអាវុធហត្ថយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣រួមមាន៖ ទី១- មានគុណភាព ក្រម​សីលធម៌ ស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋា​ភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិ​សុខ។ ទី២- ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែកវិជ្ជាជីវៈ។ និងទី៣- ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿង​បំពាក់។

ការងារគោលនយោបាយវិញបានលេចធ្លោ ដោះស្រាយទុក្ខលំបាកដល់យោធិនៃកង​រាជ​អាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថ តាមរយៈមូលនិធិមហាគ្រួសារ​កង​រាជ​អាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរហ្នឹងហ្នរត្រឹម​ត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានោះ ក៏បាន​បំពាក់មធ្យោបាយ សម្ភារ ក្រៅពីគោលរបបរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយ​ភាគីមិត្ត កងរាជអាវុធហត្ថ បានម្ចាស់ការទិញបំពាក់បណ្ដើរៗ ដើម្បីបម្រើកិច្ចប្រតិបត្តិ​ការ និងហ្វឹកហ្វឺន ពីថ្នាក់ជាតិ ដល់ថ្នាក់រាជធានី ខេត្ត និងបានយកចិត្តទុកដាក់ថែទាំ​គត់​មុតនូវមធ្យោបាយ យុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ដែលមានស្រាប់។

ចំណុចលេចធ្លោមួយទៀត គឺការងារកសាងអង្គភាព បានបោះជំហានប្រែប្រួល​សន្សឹមៗ​ទៅមុខជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ បានដំណើរការ​កសាង​សំណង់ជំរំជម្រក បន្ទាយ សាលា អគារធ្វើការ អគារស្នាក់នៅ អគារសិក្សារៀនសូត្រ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បានធ្វើការទិញដីពង្រីកទីបញ្ជាការ ទិញដីផ្លាស់ប្តូរទីតាំង បាននិងកំពុងសាងសង់សំណង់ស្ថាបត្យកម្មរចនាបទខ្មែរ ប្លង់ឯកភាពតែមួយ​មានជា​អាទិ៍៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តកំពង់​ឆ្នាំង, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ, ខេត្តព្រះសីហនុ ខេត្តកំពត, ខេត្តតាកែវ, ខេត្តឧត្តមមានជ័យ, ខេត្តបន្ទាយមាន​ជ័យ​។ល។ ចំណែកឯខេត្តមួយចំនួនទៀត គ្រោងនឹងដំណើរការបើកការដ្ឋាន​សាងសង់នា​ពេល​ខាងមុខនេះ។

យោងតាមសំណូមពរតម្រូវការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្តាលកសាងសមត្ថភាព​បាន​បែង​ចែកសាលាជា២កម្រិត៖ សាលានាយទាហានជំនាញកងរាជអាវុធហត្ថ និមជ្ឈ​មណ្ឌល​ហ្វឹកហ្វឺននាយទាហានរងនៃកងរាជអាវុធហត្ថ។ បានដំឡើងកម្រិតសិក្សា សាលាកងរាជអាវុធហត្ថកំបូល ទៅជាវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងបាន​បង្កើត​មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនេះ។ គ្រឹះស្ថាន​សិក្សា​ទាំង២ មានតួនាទីអប់រំបណ្ដុះបណ្តាល បំប៉ន វិក្រឹត្យការដល់ជំនាញ វិជ្ជាជីវៈកងរាជ​អាវុធ​ហត្ថទៅតាមតួនាទី ភារកិច្ច ដូចមានចែងក្នុងអនុក្រឹត្យ ក្រមនីតិវិធីព្រហ្មទណ្ឌ និង​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអប់រំបណ្តុះបណ្តាល បំប៉ន វិក្រឹត្យការជា​ច្រើនវគ្គ ក្នុងរយៈពេល៣២ឆ្នាំកន្លងទៅនេះ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការអបអរសាទរខួបនៃថ្ងៃកំណើតកងរាជអាវុធហត្ថហើយនោះ កម្មវិធីនាព្រឹកថ្ងៃនេះ ក៏ភ្ជាប់ជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយផងដែរ។ មជ្ឈមណ្ឌលនេះ មានទីតាំងនេះស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

របាយការណ៍បានបង្ហាញថា នៅក្នុងរដូវប្រាំងឆ្នាំ២០០៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស បានដឹកនាំធ្វើការសិក្សា ដើម្បីរៀបចំមណ្ឌលហ្វឹកហ្វឺននាយ​ទាហាន​រងកងរាជអាវុធហត្ថ។ ម៉្យាងទៀតដោយផ្អែក​ទៅលើសំណូមពរការងារការ​ពារខ្សែក្រវ៉ាត់សន្តិសុខរាជធានីភ្នំពេញ និងប្រៀបការពារជាតិ ពីទិសខាងលិចចន្លោះ​ជួរភ្នំឱរ៉ាល់ ភ្នំក្រវ៉ាញ និងបឹងទន្លេសាប ច្រកចេញចូលរាជធានីភ្នំពេញតាមផ្លូវជាតិ​លេខ​៥ និងផ្លូវទឹកតាមដងទន្លេសាប ព្រមទាំងទីតាំងដីមិនទាន់ប្រើប្រាស់ ព្រៃឈើ​ត្រូវ​បានកាប់បំផ្លាញផង។

ក្រោយពីការសិក្សានាយឧត្តមសេនីយ៍ សៅ សុខា បានស្នើសុំទៅប្រមុខរាជរដ្ឋា​ភិ​បាល តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីជ្រើសរើសយកតំបន់នេះ ធ្វើជាមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរងនៃកងរាជ​អាវុធហត្ថ។ សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​ដី​ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមអនុក្រឹត្យលេខៈ១៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០។ ដោយសារតំបន់នេះ មានប្រជាពលរដ្ឋតាំងលំនៅ​ជាង ២៦០គ្រួសារ កងរាជអាវុធហត្ថ ក៏បានធ្វើការសម្របសម្រួលរៀបចំដោះដូរ​ទីតាំង​​មួយកន្លែងឱ្យទៅរស់នៅទីតាំងថ្មី និងគ្រួសារមួយចំនួនទៀត បានទាមទារដោះ​ស្រាយ​ជា​ថវិកា។ ភូមិសាស្ត្រនេះ ជាតំបន់ព្រៃភ្នំ ស្ថានភាពដីមិនស្មើ និងពុំទាន់មានថវិកាផង​នោះ ខ្ញុំបន្តដឹកនាំក្រុមបច្ចេកទេសធ្វើការសិក្សា ដើម្បីរៀបចំប្លង់មេ រៀបចំហេដ្ឋារចនា​សម្ព័ន្ធសាងសង់ ដោយបែងចែកជា៖ ទី១. តំបន់រដ្ឋបាលរបស់សាលា, ទី២. តំបន់​ស្នាក់នៅរបស់សិក្ខាកាម, ទី៣. តំបន់សិក្សាក្នុងថ្នាក់, ទី៤. តំបន់ស្នាក់នៅរបស់​បុគ្គ​លិក, ទី៥. ទីលានហ្វឹកហាត់, ទី៦. ទីលានបាញ់គ្រាប់ពិត, ទី៧. ទីលានធ្វើសមយុទ្ធ​ថ្នាក់យុទ្ធវិធី, ទី៨. ប្រព័ន្ធឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារ មធ្យោបាយ, ទី៩. ទីលាន​កីឡា និងតំបន់ទទួលភ្ញៀវ។

រហូតដល់ឆ្នាំ២០១២ ទើបចាប់ផ្តើមសាងសង់សំណង់ទៅលើទីតាំងនេះ និងការអនុវត្ត​គម្រោងផែនការរួចរាល់គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានជាអាទិ៍៖
១- តំបន់​រដ្ឋបាល៖ អគារទីចាត់ការ, ផ្ទះនាយក, ផ្ទះបាយ, ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ, ប្រព័ន្ធ​អគ្គិសនី, ប្រព័ន្ធទឹកស្អាត, ២- តំបន់ស្នាក់នៅ៖ អគារស្នាក់នៅសម្រាប់នាយទាហាន, អគារស្នាក់នៅសម្រាប់សិក្ខាកាម, ផ្ទះបាយ និងឡផលិតចំហាយទឹកសម្រាប់ចម្អិន​អា​ហារ, បន្ទប់អនាម័យ, ៣- តំបន់សិក្សា ហ្វឹកហ្វឺន និងកីឡា៖ អគារពហុសិក្សា, អគារ​សិក្សា, អគារយោធាចារ្យ, មន្ទីរពេទ្យនិងបរិក្ខារពេទ្យ, អគារវេទិកាអចិន្ត្រៃយ៍, ទីលាន​ឧបសគ្គ និងឧបករណ៍ហ្វឹកហាត់, តារាងបាល់ទាត់, ចំណតរថយន្ត, ប្រព័ន្ធផ្លូវ ប្រព័ន្ធ​លូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ៤- តំបន់ទីលានបាញ់គ្រាប់ពិត៖ អគារស្នាក់នៅ, អគារវេទិកា, អគារបដិសណ្ឋារកិច្ច, បន្ទប់ត្រួតពិនិត្យស៊ីប, អគារហ្វឹកហាត់តាម​បច្ចេក​វិទ្យា, ទីលានបាញ់កាំភ្លើងខ្លីនារី, កាំភ្លើងខ្លីបុរស, កាំភ្លើងវែង, កាំភ្លើងការ៉ាប៊ីន, កាំភ្លើង​យន្ត, ឃ្លាំងដាក់អាវុធ គ្រាប់, ផ្ទះបាយនិងឡផលិតចំហាយទឹកសម្រាប់ចម្អិនអាហារ, ប្រព័ន្ធ​ផ្លូវ និងប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ចំណត់រថយន្ត, ៥- ប្រព័ន្ធ ឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារ មធ្យោបាយ៖ អគារស្នាក់នៅសម្រាប់​បុគ្គលិក​ឃ្លាំង, អគារដាក់រថយន្ត, ឃ្លាំងដាក់សម្ភារ ភស្តុភារ និងបច្ចេកទេស, ប្រព័ន្ធផ្លូវ និង​ប្រព័ន្ធ​លូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត។ល។

សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា សមិទ្ធផលទាំងអស់​នេះ កើតឡើងបាន គឺ​ដោយ​សារប្រទេសមានសន្តិភាព ហើយសន្តិភាពនេះកើតឡើង ដោយនយោបាយ​ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុ​ទ្ទេសក៍​ឯក និងមានការចូលរួមពីប្រតិបត្តិករទាំងអស់។ សន្តិភាពនេះហើយ ដែល​ជាឱកាសឱ្យយើងខ្ញុំ ប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែន​សម្រាប់តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទី​កន្លែង​សម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការវិស័យសន្តិសុខ និងវិស័យ​ការ​ពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ។

បច្ចុប្បន្នតំបន់នេះ កងរាជអាវុធហត្ថ បានថែរក្សា ការពារព្រៃឈើ សត្វព្រៃបានគង់វង្ស ហើយមានគម្រោងផែនការនឹងរៀបចំមួយផ្នែកនៃតំបន់នេះ ទៅជាតំបន់ទេសចរ​ធម្ម​ជាតិ កម្សាន្តលំហែសប្បាយរបស់ប្រជាជន៕