(ត្បូងឃ្មុំ)៖ ដើម្បីអបអរ បុណ្យ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២៥ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស និងពលរដ្ឋ នាំយកកូនឈើប្រណិត ១,៥០០ដើម ទៅដាំនិងផ្តល់ជូននៅបរិវេណពុទ្ធសីមាវត្តសត្តវិថិជោត្យារាម (ស្លា) ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ដើម្បីអបអរបុណ្យរុក្ខទិវា០៩កក្កដា ឆ្នាំនេះ កូនឈើប្រណិតចម្រុះប្រភេទចំនួន៥០០ដើម រួមមានក្រញូង បេង ធ្នង់ ឈើទាល គគីរ ក្ងោក និងកណ្តឹងមាស ត្រូវបានដាំលើផ្ទៃដីទំហំជាង១ហិកតានោទីនេះ និងផ្តល់ជូនបណ្តាអង្គភាព វត្តអារាម និងពលរដ្ឋ ចំនួន១ ០០០ដើម សម្រាប់យកទៅដាំតាមមូលដ្ឋានរៀងៗខ្លួន។

លោក គូសបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤កន្លងទៅ ខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ និងចែកចាយកូនឈើជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ អង្គភាពនានា ដាំតាមសាលារៀន វត្តអារាម ទីសាធារណៈ សរុបចំនួន ៣៤ ០០០ដើម លើផ្ទៃដីប្រមាណពី៥០ទៅ៦០ហិកតា នៅទូទាំងខេត្តផងដែរ ដើម្បីលើកកម្ពស់បរិស្ថានបៃតង។

មានប្រសាសន៍នាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា” នាឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ ដែលយើងតែងតែប្រារពឡើងក្នុងគោលបំណងបណ្តុះនៅផ្នត់ គំនិត ឆន្ទៈ ក្នុងការស្រឡាញ់ និងចូលរួមថែរក្សានៅធនធានធម្មជាតិ ហើយក៏បង្ហាញពីស្មារតីសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរយើងផងដែរ។

លោក អភិបាលខេត្ត លើកឡើងថា ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ។ បន្ថែមលើនេះ កត្តានៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើឱ្យមានការកើនឡើងនៅកម្តៅ និងការប្រែប្រួលអាកាសធាតុ ដូចនេះហើយការចូលរួមដាំដើមឈើគឺជាផ្នែកមួយក្នុងការចូលរួមថែរក្សា ក៏ដូចជាបណ្តុះនៅផ្នត់គំនិតស្រឡាញ់នូវធនធានធម្មជាតិរបស់យើង។

ជាចុងក្រោយ លោក ប៉ែន កុសល្យ ក៏សំណូមពរឱ្យបងប្អូនពលរដ្ឋចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំយើងធ្វើយ៉ាងណាឱ្យខេត្តយើង ជាខេត្តគោលដៅទេសចរណ៍ ទោះបីថាខេត្តត្បូងឃ្មុំជាខេត្តកូនពៅក៏ពិតមែនតែការអភិវឌ្ឍន៍ និងការអភិរក្ស គឺនៅរក្សាបានជាចីរភាព បានយ៉ាងល្អ៕