(កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ពិធីនេះ​ ក៏មានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងវត្តមាននៃលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងបី, អភិបាលរងនៃគណៈអភិបាលខេត្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប, ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, ព្រមទាំងប្រជាសហគមន៍យ៉ាងច្រើនកុះករ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានបង្ហាញនូវជំហរគាំទ្រ និងចូលរួមជាសហថាមពលយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍នេះឱ្យទទួលបានជោគជ័យ និងឱ្យក្លាយជា សហគមន៍ជនបទគំរូ និងភូមិគំរូ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការបន្តវេនដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបជូនថា ក្នុងចំណោមសហគមន៍ទាំង ១២ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ មានផ្ទៃដីទំហំ ៤១៥ហិកតា មានសមាជិក ៨១៨គ្រួសារ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា មានផ្លូវបេតុងចូលសហគមន៍ប្រវែងប្រមាណ ៥០០ម៉ែត្រ, មានចំណតរថយន្ដត្រឹមត្រូវ, បន្ទប់ទឹកស្អាត និងមានអនាម័យ, តូបលក់អាហារ ចំនួន ១០តូប, ព្រមទាំងមានសេវា សាលប្រជុំ, ម្ហូបអាហារ, ផ្ទះស្នាក់ និងសេវាទូកដឹកភ្ញៀវទេសចរណ៍ផងដែរ៕