(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គ UNESCO នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅវេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា រួមជាមួយថ្នាក់ដឹកនាំនិង មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានវាយគង ទូងស្គរ ទះប៉ោត គោះត្រដោក ច្រៀងចំរៀងបទនរគរាជ និងបទពង្សាវតាខ្មែរផងដែរ។
ការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា» គឺមានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួន៣ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ រួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការចុះបញ្ជីបេតិភណ្ឌពិភពលោក អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព គឺបាននិយាយពីការធ្វើទារុណកម្ម ការសួរចម្លើយ ការធ្វើទុក្ខបុកម្នេញ ការកាបប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហម ប្រែពីការឈឺចាប់ ទៅជាការថែរក្សានូវការផ្សះផ្សាជាតិ និងសន្តិភាព ពេញលេញនៅកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាតម្លៃរួមមួយដែលពិភពលោក បានទទួលស្គាល់នូវអ្វីដែលជាការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ រងទុក្ខវេទនា ខ្លោចផ្សានៅក្នុងរបបខ្មែរក្រហម មកជាការផ្សះផ្សា និងសន្តិភាព។ សន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺបានប្រសូត្រឡើងតាមរយៈការដាក់ចុះនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចុះនូវគោលការណ៍ ៣សំខាន់ គឺទី១៖ រក្សាអាយុជីវិត ដល់ថ្នាក់ដឹកនាំ និងក្រុមខ្មែរក្រហមដែលចូលសមារណកម្ម, ទី២៖ រក្សាតួនាទី តំណែង និងទី៣៖ រក្សាទ្រព្យសម្បត្តិ។ គោលការណ៍៣សំខាន់នេះហើយ បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ការទទួលស្គាល់ជាផ្លូវការ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះ រមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា៖ រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី។
សមិទ្ធផលទាំងនេះកើតចេញពីការចូលរួម នៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឲ្យគង់វង្សស្ថិតស្ថេរ។
«បូជនីយដ្ឋានចងចាំ នៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោកបានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាព និងការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»៕