(ភ្នំពេញ)៖ អនុវត្តន៍តាមអនុសាសន៍ណែនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧៖០០នាទីព្រឹកនេះ លោក ហ៊ឺ រ៉ុង អគ្គលេខាធិការស្តីទី គ.ជ.ប បានដឹកនាំមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រារព្ធពិធីវាយគង ទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ប្រកបដោយមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ពិធីអបអរសាទរនេះផងដែរ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នា ការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។
ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោក នូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។
មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
អបអរសាទរ! «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក៕