(ឧត្តរមានជ័យ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកស្រី ហ៊ុន គឹមឡេង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារជាច្រើនមុខ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹករបស់កម្ពុជា។
ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក ពៅ សាលីដេត បាននាំយកនូវការផ្ដាំផ្ញើសាកសុខទុក្ខ និងក្ដីនឹករលឹកការស្ញប់ស្ញែងពីសំណាក់លោកសន្ដិបណ្ឌិត នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ជូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងយ៉ាងអង់អាច មិនរុញរានៅតំបន់ព្រំដែន ដើម្បីការពារខឿនអធិបតេយ្យភាព បូរណភាពទឹកដី និងការពារជាតិ មាតុភូមិប្រជាពលរដ្ឋ។
ជំនួសមុខឱកាសលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, លោក ពៅ សាលីដេត បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ដែលបានឧបត្ថម្ភអំណោយដែលជាការលើកទឹកចិត្តដល់កម្លាំងជួរមុខ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។ លោកបញ្ជាក់ថា អំណោយជាស្បៀងអាហារទាំងអស់នេះ នឹងត្រូវប្រគល់ជូនតាមបណ្ដាអង្គភាពទ័ពដែលឈរជើងនៅតាមព្រំដែន។
សូមជម្រាបថា អំណោយរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកស្រី ដែលបានប្រគល់ជូននាឱកាសនេះ មានចំនួន១៧មុខ ស្មើនឹង២៤៤៥កេស៕