(បារាំង)៖ នៅក្នុងសភាប្រើភាសាបារាំង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា, ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង និងជា អនុប្រធានសភាប្រើភាសាបារាំង បានប្រាប់ដល់ប្រធាន សមាជិកសមាជិកា នៃសភាប្រើភាសាបារាំងទាំងអស់ អំពីរឿងថៃ រំលោភដែនអធិបតេយ្យកម្ពុជា ហើយមិនគោរពចំពោះយុត្តាធិការតុលាការអន្តរជាតិ។

ក្នុងបទអន្តរាគមន៍ក្រោមប្រធានបទ៖ «ហ្រ្វង់កូហ្វូនី ជាយុថ្កានៅក្នុងពិភពលោកមួយដែលកំពុងមានវិបត្តិ» ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង បានលើកឡើងថា បន្ទាប់ពីសកម្មភាពឈ្លានពានបង្កឡើងដោយកងទ័ពថៃ លើទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយលិខិតុបករណ៍អន្តរជាតិ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ហើយដែលបានបណ្តាលឱ្យយោធាកម្ពុជាម្នាក់បាត់បង់ជីវិត ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសផ្លូវច្បាប់ ដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលពាក់ព័ន្ធតំបន់រសើបចំនួន៤។ ជាមួយគ្នានេះ កម្ពុជាក៏បានស្វែងរកការគាំទ្រពីប្រធានអាស៊ានផងដែរ។

លោកបានបន្តថា ក៏ប៉ុន្តែភាគីថៃបានបដិសេធមិនទទួលស្គាល់យុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិនោះទេ។ ការបដិសេធនេះធ្វើឱ្យមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិចុះខ្សោយ និងត្រូវបានចោទជាសំណួរដ៏សំខាន់មួយថា តើមានអ្នកណាដែលខ្លាចយុត្តិធម៌ ក្រៅតែពីអ្នកដែលភ័យខ្លាចចំពោះសច្ចភាពនៃច្បាប់នោះ?

លោកបានបន្តថា «យើងខ្ញុំមិនស្នើសុំឱ្យមានការថ្កោលទោសនោះទេ ប៉ុន្តែស្នើសុំការគាំទ្រយ៉ាងច្បាស់លាស់ចំពោះការគោរពច្បាប់រួម។ ក្នុងនាមជាសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី យើងខ្ញុំសូមអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់របស់យើងខ្ញុំចំពោះគោលការណ៍ដែលជាមូលដ្ឋានគ្រឹះនៃអង្គការនេះ គឺ៖ ច្បាប់ ការសន្ទនា និងសន្តិភាព។ យើងខ្ញុំសូមអំពាវនាវឱ្យមានការគាំទ្រច្បាស់លាស់ចំពោះការគោរពបទដ្ឋានរួមដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិរបស់យើង»។

អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសភាប្រើភាសាបារាំង នៅតែជាសំឡេងដ៏មានឥទ្ឋិពលនៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយភាពមិនច្បាស់លាស់។ ជាសំឡេងមួយដែលនឹងគ្មានថ្ងៃនៅស្ងៀមស្ងាត់ ឬព្រងើយកន្តើយនោះឡើយ។ ជាសំឡេងដែលអះអាងថា ទោះបីស្ថិតនៅកណ្តាលវិបត្តិក៏ដោយ ក៏នៅតែមានគោលការណ៍ដែលមិនអាចចរចាបានដែរ៕