(ត្បូងឃ្មុំ)៖ លោក ឡាច គឺមឈន ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តត្បូងឃ្មុំ បានចុះទទួលបេក្ខជនភ្នាក់ងារគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ចំនួន ២០រូប មកពីស្រុកចំនួនពីរ គឺស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សប្រឆាំង និងសូមគោរពស្នើសុំ​សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។

បេក្ខជនទាំង២០រូបនេះ បានអះអាងថា ពួកគាត់ទាំងអស់គ្នាស្ម័គ្រចិត្តដោយខ្លួនឯង មិនមានការបង្ខំ ឬទិញដូរឡើយ ដោយសារឈប់ជឿរលើមេដឹកនាំបក្សប្រឆាំង និងឈប់ចាញ់ល្បិចកលនយោបាយបោកប្រាស់ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកតទៅទៀតហើយ និងគាំទ្ររាជរដ្ឋាភិបាល ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះជាមោទនៈភាពជាតិខ្មែរ។

បេក្ខជនភ្នាក់ងារគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ និងអ្នកគាំទ្របក្សប្រឆាំងដែលទើបភ្ញាក់រលឹកទាំង ២០រូបខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំងមានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វី​ដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួកបានព្យាយាមធ្វើសកម្មភាពរារាំង គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍ មហាសាល​សម្រាប់ជាតិ រួមទាំងសកម្មភាពអុចអាលប្រជាពលរដ្ឋឱ្យឈប់គាំទ្ររាជរដ្ឋាភិបាល ដោយឈរនៅជាមួយថៃ ក្នុងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ថែមទៀតផង ដែលសកម្មភាពនេះជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ​របស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគាត់ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕