(កំពង់ចាម)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងារ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ស៊ិន សុខុន ប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ លោក ច្រឹង គឹមស្រ៊ាន លោកស្រី កុល ធារិន លោក បាន ស្រេង អនុប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ សមាជិក សមាជិកាសរុបចំនួន២១១នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់។
ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារឆមាសទី១ ជូនចំពោះ គណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ គណៈកម្មាធិការគណបក្សឃុំទាំង១២ អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ទាំង១២ ក្នុងស្រុកស្ទឹងត្រង់ និងសមាជិក សមាជិកាគណបក្សទាំងអស់នាពេលកន្លងមកនេះ។
លោកបន្តថា ជាការពិត សមិទ្ធផលទាំងនេះកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួមរបស់ប្រជាជននៅស្រុកស្ទឹងត្រង់នេះផ្ទាល់៕