(ក្រចេះ)៖ លោក អ៉ឹម ចាន់ថុល សមាជិកសភា និងជាតំណាងរាស្រ្តខេត្តក្រចេះ បានអញ្ជើញនាំយកទៀនវស្សាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២៧វត្ត នៅស្រុកសំបូរ ខេត្តក្រចេះ នៅក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការ នៃក្រសួងពត៌មាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំបូរ និងលោក ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក រួមនឹងអាជ្ញាធរខេត្តស្រុកផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាល អ៉ឹម ចាន់ថុល បានថ្លែងថា ទានព្រះវស្សា និងតេយ្យទានគ្រឿងបរិក្ខារទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ក្រុមការងារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំបូរ គឺបានប្រគេនជូនព្រះសង្ឃចំនួន២៧វត្ត នៅស្រុកសំបូរ ខេត្តក្រចេះ។
លោកបានលើកឡើងថា ចំពោះការចូលវស្សា ជារៀងរាល់ឆ្នាំគឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សា នារដូវភ្លៀង ដែលប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ព្រះពុទ្ធជាម្ចាស់បានត្រាស់ដាក់ឱ្យភិក្ខុសង្ឃទាំងឡាយចូលវស្សារយៈពេល៣ខែ ដើម្បីសិក្សារៀនសូត្រព្រះធម៌ ហើយពុទ្ធបរិស័ទជាអ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា៣ខែនេះ។ នៅរដូវចូលវស្សាគឺជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន នៅក្នុងថេរវេលានេះ ព្រះសង្ឃមិនត្រូវនិមន្តទៅណាឆ្ងាយនោះទេ អ្វីដែលសំខាន់មួយទៀត ដែលព្រះពុទ្ធដាក់វិន័យសម្រាប់ព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនឱ្យនិមន្តចេញឆ្ងាយពីវត្តហួសពី ៧ថ្ងៃនោះឡើយ។
លោកបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជា ប្រធានរដ្ឋសភា បងប្អូនប្រជាជនយើង បានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។
នៅពេលនោះពិតមែន តែយើងនៅមានសុខភាពទ្រុឌទ្រោមស្គមស្គាំង និងមានជំងឺដង្កាត់គ្រប់ប្រភេទក៏ដោយ ក៏យើងទាំងអស់គ្នាខិតខំប្រឹងប្រែង យ៉ាងអស់ពីកម្លាំងកាយចិត្ត ធ្វើការប្រមែលប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញដល់កម្រិតសូន្យ។ ជាភ័ព្វសំណាងក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹក ព្រះវិហារ ឧបដា្ឋនសាលា សេនាសនៈ និងពិធីសាសនានា ត្រូវបានអភិវឌ្ឍន៍ឡើងវិញយ៉ាងឆាប់រហ័សគួរនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា «សាសនារបស់រដ្ឋ»។
លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដោយសព្វថ្ងៃយើងមានសាលាធម្មវិន័យ ចាប់តាំងពីថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលាពុទ្ធិកសិក្សាបឋមសិក្សា រហូតដល់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផងប្រការទាំងនេះ បញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការ គាំទ្រគាំពារ និងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ពុទ្ធសាសនិក និងព្រះតេជគុណ ព្រថេរានុត្ថេរៈគ្រប់ព្រះអង្គ៕