(ប៉េកាំង)៖ ដោយផ្តើមពីឆ្នាំ២០១០មក វេទិកា Nishan ដែលជាវេទិកាអន្តរជាតិដ៏សំខាន់មួយផ្តោតលើ ការសន្ទនាអរិយធម៌អន្តរជាតិ ដើម្បីលើកស្ទួយភាពយោគយល់នៃអរិយធម៌របស់មនុស្សជាតិនៅលើពិភពលោក។ ពីទីក្រុង Qufu ខេត្តសានដុង វេទិកា Nishan បានរំលេចយ៉ាងច្បាស់ពីទស្សនវិជ្ជាសន្តិភាពនិយមរបស់ខុងជឺ ដែលបានទទួលបន្ត និងពន្លាតនៅទូទាំងពិភពលោក។

តាមរយៈខ្លឹមសារជាសារវន្តនៃវេទិកានេះ ទស្សនវិជ្ជាខុងជឺដែលជាទស្សនវិជ្ជាជំរុញពិភពលោក រស់នៅក្នុងសន្តិភាពនិយម និងពហុភាគីនិយមដែលឧទ្ទិសដល់ការលើកកម្ពស់ភាពរុងរឿងនៃសង្គមមនុស្ស ស្របតាមគោលបំណងរួមស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ដូចយើងដឹងស្រាប់ហើយថា Nishan គឺជាទីកន្លែងកំណើតរបស់ ខុងជឺ ដែលជាទស្សនវិទូចិនដ៏អស្ចារ្យ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជាតិ ដើម្បីសិក្សាឈ្វេងយល់ និងការរៀនសូត្រពីគ្នាទៅវិញទៅមកនៃអរិយធម៌ ហើយជាការចាក់បញ្ចូលនូវធាតុចូលកាន់តែសកម្មដល់ គំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាចក្ខុវិស័យរួម សម្រាប់ការកសាងអនាគតនៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នារបស់មនុស្សជាតិ។

បន្ថែមពីលើនេះ វេទិកា Nishan បាននិងកំពុងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួមរបស់មនុស្សជាតិ ចំពោះភាពបើកចំហ បរិយាប័ន្ន និងភាពចម្រុះនៃវប្បធម៌ ហើយលើកទឹកចិត្តយើងឱ្យចាត់ទុកភាពខុសគ្នា នៃអរិយធម៌មិនមែនជាឧបសគ្គនោះទេ ផ្ទុយទៅវិញវាជាប្រភពនៃកម្លាំងសាមគ្គីភាព។ ក្នុងការបន្ស៊ីជាមួយខ្លឹមសារនេះ វិទ្យាស្ថានខុងជឺ និងសមាគមខុងជឺអន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ដែលបានរួមចំណែក ធ្វើឱ្យចំណងមិត្តភាពរវាងចិន និងបរទេសកាន់តែមានភាពស៊ីជម្រៅ ជាក់ស្តែង ខុងជឺបានទូន្មានថា «ពិភពលោកសុខសាន្តត្រាណ» ជាគោលដៅឧត្តមគតិមួយរបស់វប្បធម៌គំនិតប្រពៃណីចិន ហើយដែលត្រូវយកទៅចែករំលែក និងបញ្ជ្រាបចូលទៅក្នុងស្មារតីរបស់មនុស្សជាតិ។

ដោយជំរុញល្បឿននៃកិច្ចកសាងសហគមន៍ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ គិតដល់ឆ្នាំ២០២៥ វេទិកា Nishan បានប្រារព្ធចំនួន១១លើក ហើយឆ្នាំនេះបានរៀបចំក្រោមប្រធានបទ «ចែករំលែកអរិយធម៌ល្អផូរផង់ជាមួយគ្នា - ទំនាក់ទំនងរវាងអរិយធម៌និងទំនើបកម្មពិភពលោក» បានក្លាយជាវេទិកាវិទ្យាសាស្រ្ត ដោយបានស្រូបទាញអ្នកនយោបាយ អ្នកការទូត ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមសង្គមស៊ីវិល ជាពិសេសក្រុមអ្នកជំនាញខាងបេតិកភណ្ឌមនុស្សជាតិមកពីUNESCO និងបណ្តាប្រទេសជាច្រើន ផ្តល់នូវទស្សនាទាន និងចក្ខុវិស័យរួមគ្នាក្នុងវិស័យការទូតវប្បធម៌ដោយផ្តោតលើ ការអភិវឌ្ឍ និងការតភ្ជាប់ជាសកល ការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។

តាមរយៈវេទិកានេះ អ្នកជំនាញ អ្នកឯកទេស អ្នកប្រតិបត្តិលើវិស័យអរិយធម៌ និងទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន បានរួមគ្នាចែករំលែកការរៀនសូត្រ ពង្រីកទំហំសន្តិភាព និងបង្ហាញពីតម្លៃនៃការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការ រវាងអរិយធម៌ផ្សេងៗគ្នា ជាពិសេសលទ្ធផលនៃសមាហរណកម្មនៃអរិយធម៌បូព៌ា និងអរិយធម៌បស្ចិមប្រទេស ដែលនឹងក្រើនរំលឹកដល់ពិភពលោក ពីគុណតម្លៃកាន់តែប្រពៃនៃ «គំនិតផ្តួចផ្តើមអរិយធម៌សកល»ដែលតែងបានគូសរំលេចថា កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងរួមរស់ដោយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ជំរុញពិភពលោក ឱ្យអភិវឌ្ឍឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាពនិងវិបុលភាព។

ដោយមិនងាករេពីសន្តិភាពនិយម វិបុលភាពនិយម ពហុភាគីនិយម អភិវឌ្ឍនិយម វេទិកា Nishan បានពូនផ្តុំកម្លាំងប្រជាជាតិនានា ពីបណ្តាប្រទេសដែលផ្តល់តម្លៃខ្ពស់ដល់ស្មារតីផ្លូវសូត្របុរាណ បង្កើតបានជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ការសិក្សារៀនសូត្រ ការចែករំលែក និងការប្រាស្រ័យទាក់ទងជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល នៃសម្លេងរបស់មនុស្សជាតិដោយផ្តល់សារសំខាន់ ជាអាទិភាពដល់ការតភ្ជាប់កាន់តែរឹងមាំ រវាងប្រជាជននិងប្រជាជនដើម្បីឱ្យមនុស្សជាតិ បានប្រាកដរួមគ្នាថាភាពខុសគ្នា នៃវប្បធម៌មិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាគួរជាស្ពានដែលភ្ជាប់ចិត្ត និងភ្ជាប់គំនិត លើសពីព្រំដែនរបស់ប្រទេសនីមួយៗ ស្របពេលដែលសព្វថ្ងៃនេះ ពិភពលោកស្ថិតនៅក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជា ជម្លោះ និងការកើនឡើងនៃភាពមិនអត់ឱន។

ដោយគ្រាន់តែយើងរួមគ្នាទទួលយកគំនិតដែលថាក្នុងពេលតែមួយ យើងទាំងអស់គ្នាជាសិស្សផង និងជាគ្រូបង្រៀនលើ វិស័យអរិយធម៌ នោះវេទិកា Nishan នឹងផ្តល់ឱ្យយើងរួមគ្នាដាំគ្រាប់ពូជនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ហើយវេទិកា Nishan ក៏ជាគ្រាប់ពូជដែលនឹងរីកដុះដាលឆ្លងកាត់ព្រំដែន និងឆ្លងជំនាន់ ហើយយើងនឹងជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ដោយរក្សាបាននូវសន្តិសុខរួម ការអភិវឌ្ឍប្រកបដោយចីរភាព ការចែករំលែកផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះ ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដី ជាមួយនឹងការអភិវឌ្ឍបៃតង ហើយពិភពលោកនឹងមានភាពរុងរឿង។ ការណ៍នេះ វេទិកា Nishan បានក្លាយជាកម្លាំងចលករ ដល់មនុស្សជាតិបង្កើនការប្រាស្រ័យទាក់ទង រវាងប្រជាជននិងប្រជាជនជាមួយ បង្កើនបរិយាកាសផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាប្រកបដោយភាពចុះសម្រុង និងបង្កើនបណ្តាញសហប្រតិបត្តិការសម្រាប់ កិច្ចសន្ទនារវាងអរិយធម៌សកលដ៏ចម្រុះបែប។

ជារួម ដោយទទួលស្គាល់រួមគ្នាថាសុភមង្គលរបស់មនុស្សជាតិ ត្រូវបានឆ្លើយតបតាមរយៈទស្សនវិជ្ជាចិនដែលបានចេញដំណើរ ពីទស្សនវិជ្ជាខុងជឺកាលពី២៥០០ឆ្នាំមុន ហើយបានចាក់បញ្ចូលក្នុងប្រាជ្ញាចិនក្នុងរយៈពេល១២ឆ្នាំមកនេះ ដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនស្តីពីកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ នោះពិភពលោកនឹងផ្តល់គុណតម្លៃដល់វេទិកា Nishan ថាជាគីឡូម៉ែត្រចេញដំណើរ ក្នុងការលើកស្ទួយការសន្ទនាអន្តរអរិយធម៌ បង្កើនការយោគយល់គ្នារវាងអរិយធម៌នានា និងពន្លាតស្មារតីសន្តិភាពនិយម ដែលជាបំណងប្រាថ្នារួមរបស់មនុស្សជាតិ ហើយវេទិកានេះនឹងផ្តល់នូវមាគ៌ាកាន់តែសុក្រឹត ពីដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមនិន្នាការនៃសម័យកាល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន