(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ សហភាពសហព័ន្ធយុវជន​កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកមួយទៀត ដើម្បីផ្តល់កម្លាំងចិត្ត និងកៀរ​គរ​មូល​និធិជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងដ៏អង់អាចការពារបូរណភាពទឹកដី និង​អធិបតេយ្យជាតិ។ ព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ ត្រូវបានគេឱ្យឈ្មោះថា «តស់! យេីងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តវីរកងទ័ពជួរមុខ»។

ក្នុងកំលុងពេលកម្ពុជារងការឈ្លានពានពីកងទ័ពថៃនៅតាមបន្ទាត់ព្រំដែន ជនស៊ីវិល​ជា​មន្ត្រី​រាជការ និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា បាន​បង្ហាញនូវ​ស្មារតី​រួបរួម និងធ្វើជាបង្អែកដ៏ខ្លាំងក្លាគាំទ្រដល់កងទ័ពជួរមុខ រហូតគេប្រសិទ្ធរួបរួម​ខឿនការពារជាតិប្រជាជន។ មានព្រឹត្តិការណ៍ជាច្រើន ត្រូវបានគេប្រារព្ធឡើងជាបន្ត​បន្ទាប់ ដើម្បីផ្តល់ជាកម្លាំង ជាសម្រែកគាំទ្រ និងលើកកម្លាំងចិត្តដល់កងទ័ពជួរមុខ ដូចជាព្រឹត្តិការណ៍ «Solidarity March» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមរួមជាង ១៥ម៉ឺននាក់។

ដើម្បីបន្តស្មារតីនៃការរួបរួមជាកម្លាំង និងផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាការកៀរគរថវិកា ដើម្បីជួយដល់កងទ័ពជួរមុខជាបន្តទៅទៀត ទើបសហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតព្រឹត្តិការណ៍ «តស់!យេីងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្ត​វីរកងទ័ព​ជួរ​មុខ»។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ខាងលើនេះ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងជាតំណាងឱ្យ​សហភាព​សហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ព្រឹត្តិ​ការ​ណ៍ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារ​ជួរ​ក្រោយ ជួយដល់កងទ័ពជួរមុខ ព្រមទាំង​រំលេច​នូវស្មារតីជាតិនិយមរបស់ប្រជាជន​កម្ពុជាស្ថិតនៅជាអមតៈ។

លោក គួច វែងស្រ៊ុន បានឱ្យដឹងថា ព្រឹត្តិការណ៍នោះ នឹងរៀបចំឱ្យមានការច្រៀង​ចម្រៀង​បង្ហាញពីស្មារតី​ជាតិ​និយម មានដូចជាបទពង្សាវតារខ្មែរ បទដែនដីខ្មែរ និង​បទ​គន់មើលទៅមេឃ (ចម្រៀងកងទ័ព) ជាដើម។ បន្ថែមពីនេះ ក្រុមការងារ​ក៏​បានរៀប​ចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ ដើម្បីប្រមូលមូលនិធិផងដែរ ដោយ​អាវយឺត១ តម្លៃ ២ម៉ឺនរៀល ហើយក៏មានការកៀរគមូលនិធិជួយទៅដល់កងទ័ពផងដែរ។

បើតាមលោក គួច វែងស្រ៊ុន រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការ​ងារ​មិនបានយកមកចំណាយក្នុងការរៀបចំកម្មវិធីនេះឡើយ។ ក្រោយពេលបាន​ទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយ​ក្រុម​ការងារនឹងរៀបចំដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ នៅទិសប្រាសាទ​ព្រះ​វិហារ។

អ្នកដែលពាក់ព័ន្ធ ហើយនឹងចូលរួមញ៉ាំងឱ្យព្រឹត្តិការណ៍នោះ កាន់តែមហោ​ឡារឹក​នោះ សុទ្ធតែបង្ហាញនូវក្តីរីករាយ ហើយពេញចិត្តចំពោះព្រឹត្តិការណ៍នេះ។ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហាញក្តីរីករាយបានចូលរួមព្រឹត្តិការណ៍​កៀរគរ មូល​និធិ​គាំទ្រវីរកងទ័ពជួរមុខ និងជាសកម្មភាពបណ្តុះស្មារតីជាតិនិយម។

លោក ជុំ កុសល បានបញ្ជាក់​យ៉ាង​ដូច្នេះថា «កម្ពុជា ជាប្រទេស​តូច មានឆន្ទៈខ្ពស់ និងមានបេះដូងទូលំទូលាយ។ តាមរយៈកម្មវិធីនេះ ខ្ញុំរីករាយដែលបានចូលរួម​ព្រឹត្តិ​ការណ៍​​បណ្តុះស្មារតីជាតិ​និយម»

តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅកម្ពុជា មានសំឡេងស្អក ម្ចាស់បទ «យោធាពិការ» លោក ខេម បានលើកឡើងថា វីរកងទ័ពជួរមុខរបស់កម្ពុជា​ មិនឯកោទេ ព្រោះមានពលរដ្ឋជួរក្រោយជាកម្លាំងចិត្ត។

លោក ខេម បានស្នើដល់ប្រជាពលរដ្ឋនាំគ្នាទៅពហុកីឡដ្ឋានជាតិ​អូឡាំ​ពិក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញការគាំទ្រដល់​វីរកងទ័ពជួរមុខ​។ លោកថ្លែងថា បើសិនជាមនុស្សរាប់ម៉ឺននាក់ ច្រៀងចម្រៀងលើក​ទឹក​ចិត្តកងទ័ពនោះ សកម្មភាពបែបនេះនឹងក្លាយជាសារគាំទ្រដ៏ធំ ដែលបង្ហាញថា កង​ទ័ព និងប្រជាពលរដ្ឋ មានបេះដូងស្នេហាជាតិ និងរួមគ្នាងើបប្រឆាំងនឹង​ការឈ្លាន​ពាន​របស់សត្រូវ។

អ្នកផលិតមាតិកាបែបកម្សាន្តសប្បាយលើបណ្តាញសង្គម លោក ផាន់ រ៉ុង ចង់ឃើញ​វត្ត​មានមហាជនច្រៀងចម្រៀងលើកទឹកចិត្តវីរកង​ទ័ពជួរ​មុខ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ផាន់ រ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអ្នកគាំទ្រ​របស់ខ្ញុំចូលរួមព្រឹត្តិការណ៍​ច្រៀងលើកទឹកចិត្តវីរកងទ័ព។ ពួកយើងនៅពីក្រោយវីរកងទ័ពជានិច្ច»

អ្នកអត្ថាធិប្បាយកីឡាមានប្រជាប្រិយលោក ឌីជេ លុច ព្រោះតែភក្តីភាពចំពោះជាតិ និងទឹកដី ធ្វើឱ្យវីរកងទ័ពជួរមុខ មិនបានសម្រាកសូម្បីមួយវិនាទី ហេតុនេះក្នុង​នាម​ជា​អ្នកនៅជួរក្រោយ ត្រូវលើកទឹកចិត្តវីរកងទ័ពជួរមុខឱ្យខ្លាំងបំផុត។

លោក ឌីជេ លុច អួលដើមកនិយាយមិនចេញ និងស្រក់ទឹកភ្នែក ពេលឃើញសារ​របស់​វីរកងទ័ពជួរមុខមួយរូបថា «សូមបងប្អូននៅជួរក្រោយកុំភ័យ ហូបបាយឱ្យឆ្អែត ដេកលក់ឱ្យស្រួល ខាងមុខទុកឱ្យពួកខ្ញុំជាអ្នកការពារទឹកដី»

លោកបញ្ជាក់ថា «ព្រោះតែចោរសៀម ធ្វើឱ្យវីរកងទ័ពជួរមុខ មិនបានសម្រាក​សូម្បី​មួយវិនាទី ហេតុនេះយើងត្រូវលើកទឹកចិត្តវីវកងទ័ព។ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រៀម​ខ្លួនជាស្រេច ដើម្បីរួមគ្នាច្រៀងចម្រៀងជាតិ លើកទឹកចិត្ត ជូនវីរកងទ័ព​ជួរមុខ»

សម្រាប់បងប្អូនមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៕