(កំពង់ធំ)៖ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមការងារសាងសង់អគារសិក្សានៅខេត្តកំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបទៀត នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជា ចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារអាម៉េរិក។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាតំណាងសាលាទាំង ៥ ប្រមាណជាង ៤០០នាក់ផងដែរ។
សូមបញ្ជាក់ដែរថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួនដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។
ក្នុងឱកាសនេះដែរ សមាគមឧកញ៉ាកម្ពុជា ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរដោយចំពោះគ្រូបង្រៀនចំនួន ២០នាក់ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ចំណែកឯសិស្សានុសិស្សចំនួន ២០០នាក់ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល បន្ថែមពីលើនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានចូលរួមឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជាសរុបចំនួន ៣០០កេសដើម្បីប្រើប្រាស់ក្នុងកម្មវិធីទាំងមូលក៏ដូចជាចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សម្នាក់ ១កេសផងដែរ។
គួររំលឹកដែរថា សម្រាប់សកម្មភាពសប្បុរិសធម៌ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» នៅលើទឹកដីខេត្តកំពង់ធំនេះដែរ សមាគមឧកញ៉ាកម្ពុជា បានកៀរគរនូវធនធានជាថវិកា និងសម្ភារៈប្រមាណជិត ២លានដុល្លារអាម៉េរិកដែលជាការបរិច្ចាគរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិករបស់សមាគមដើម្បីជួយកសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងឧបត្ថម្ភជាសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំង១០ ដោយក្នុងនោះមានសាលាចំនួន ៥ដែលទទួលបានអគារសិក្សាដើម្បីបំពេញតម្រូវការស្របទៅតាមភាពកង្វះខាត និងការលំបាកក្នុងការផ្តល់ថ្នាក់រៀនដល់សិស្សានុសិស្សដែលតែងតែមានកំណើនជារៀងរាល់ឆ្នាំដោយវិទ្យាល័យទ្រៀលទទួលបានអគា១ខ្នង កម្ពស់៣ជាន់ មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារ ១ខ្នង កម្ពស់ ២ជាន់ មាន ១០បន្ទប់ ចំណែកសាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបានអគារ ១ខ្នង កម្ពស់ ១ជាន់មាន ៥បន្ទប់ដូចៗគ្នា៕