(ភ្នំពេញ)៖ លោក កំ វណ្ណារ៉ា សមាជិកគម្រោងស្រាវជ្រាវនិងបកប្រែសិលាចារឹក ជាភាសាសំស្ក្រឹតនិងភាសាបាលី នៃរាជបណ្ឌិត្យសភាកម្ពុជា បានសូត្រកំណាព្យសំស្ក្រឹត នៅក្នុងសិលាចារឹកប្រាសាទលលៃ ដែលមានស្លោកសំស្ក្រឹតបញ្ជាក់ថា ជនណាបានយកទ្រព្យសម្បត្តិទេវស្ថាន និងត្រូវមានទោសក្នុងបច្ចុប្បន្នត្រូវព្រះរាជាយកទៅកាត់ទោស និងបន្ទាប់អំពីស្លាប់ទៅ នឹងទទួលបានការកាត់ទោសពីស្តេចយមរាជផង។
បើតាមការពន្យល់ពីលោក កំ វណ្ណារ៉ា អ្នកជំនាញអត្ថរូបនិងអត្ថរស របស់កំណាព្យសំស្ក្រឹតនៅលើសិលាចារឹក បានបញ្ជាក់ឱ្យដឹងថា កំណាព្យសំស្ក្រឹត ចាប់ផ្តើមកត់ត្រាដំបូងនៅសម័យនគរភ្នំឬហ្វូណន សិលាចារឹកដែលចារឹកជាបែបកំណាព្យមានដូចជាសិលាចារឹកអ្នកតាដំបងដែកK.875 ប្រាសាទប្រាំល្វែងK.5 សិលាចារឹកតាព្រហ្មទន្លេបាទីK.40 សិលាចារឹកវត្តហ្លួងកៅK.365 សិលាចារឹកភូមិវ៉ូកាញ់ ជាដើម។
សិលាចារឹកជាភាសាសំស្ក្រឹតទាំងនេះ ចារឹកកំណាព្យ ប្ឫថ្វិឆន្ទ វសន្តតិលកាឆន្ទ អនុស្តុភឆន្ទ សាទ៌ូលវិក្រីឌិតាឆន្ទ ឳបច្ចឆន្ទសិកា មាលិនី។ សិលាចារឹកទាំងនោះបានសរសេរបានល្អ យ៉ាងត្រឹមត្រូវបំផុត ប្រកបដោយអត្ថន័យនិងអត្ថរស។
សមាជិកគម្រោងស្រាវជ្រាវនិងបកប្រែសិលាចារឹក ជាភាសាសំស្ក្រឹតនិងភាសាបាលី នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងទៀតថា៖ «សម័យនគរភ្នំ ឬ ហ្វូណន មិនទាន់មានសិលាចារឹកច្រើននោះទេ ហើយភាគច្រើននៃការតាក់តែងនិពន្ធច្រើនផ្នែក ដំបូងជាពាក្យនមស្ការថ្វាយបង្គំដល់ទេព ឬព្រះដែលព្រះរាជគោរព និងបន្តបន្ទាប់ដោយបង្ហាញអំពីការកសាងសមិទ្ធផលបុណ្យ ឬបង្ហាញគុណសម្បត្តិ ភាពជាមេដឹកនាំ ចំណេះដឹង ហើយបានបញ្ចប់ដោយការបូកសរុបសមិទ្ធផល ឬអាចជាពាក្យឱ្យពរជ័យដល់ជនអ្នកបានចូលរួមកសាង ការពារ និងបានដាក់ទោសដល់បាបជនអ្នកបំផ្លិចបំផ្លាញ»។
សិលាចារឹកភូមិវ៉ូកាញ់ ជាសិលាចារឹករបស់ព្រះបាទស្រីមារ សិលាចារឹកប្រាសាទតាព្រហ្មបាទី ជាសិលាចារឹករបស់ព្រះបាទរុទ្រវរ្ម័ន សិលាចារឹកអ្នកតាដំបងដែកជាសិលាចារឹករបស់អគ្គមហេសីរបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន សិលាចារឹកប្រាសាទប្រាំល្វែងជាសិលាចារឹករបស់ព្រះបាទគុណវរ្ម័ន សិលាចារឹកវត្តហ្លួងកៅ ជាសិលាចារឹករបស់ព្រះបាទទេវានិក។
នៅសម័យចេនឡា កំណាព្យកាន់តែមានច្រើន ហើយមានលក្ខណៈសម្បូរបែបជាងមុន ហើយសម្បូរបែបបំផុតនៅសម័យអង្គរ ដូចជា អយ៌ាឆន្ទ ប្ឫថ្វិឆន្ទ វសន្តតិលកាឆន្ទ អនុស្តុភឆន្ទ សាទ៌ូលវិក្រីឌិតាឆន្ទ សាលិនិ មាលិនី មន្ទាក្រាន្ត ឥន្ទ្រវជ្រា ឧបេន្ទ្រវជ្រា ឧបជាតិ ស្រគ្ធរា ជាដើម។
សិលាចារឹកទាំងនោះ មានទាំងរបស់ព្រះរាជាមន្ត្រីរាជការ ព្រាហ្មណ៍ រាជវង្សានុវង្ស ក្នុងការកសាងសមិទ្ធផលផ្សេងសម្រាប់ជាតិ សាសនា និងប្រយោជន៍ដល់សាធារណជន។ សិលាចារឹកខ្លះជាប្រភេទអត្ថណែនាំ និងជាព្រះរាជឱង្ការរបស់ព្រះមហាក្សត្រស្តីអំពីគោលនយោបាយទូទៅសម្រាប់ប្រតិបត្តិនៅតាមអារាមសាសនា និងគោលនយោបាយទាក់ទិននឹងយុទ្ធពលិក្នុងសមរភូមិ គ្រូបង្រៀន អាចារ្យសាសនាជាដើម។ ចុងបញ្ចប់របស់សិលាចារឹកជាការដាក់ទោសទណ្ឌតាមបែបអាជ្ញាច្បាប់ផងតាមរបស់ក្រមសីលធម៌បែបសាសនាផង ទោសមាន២យ៉ាគឺទោសបច្ចុប្បន្ន និងទោសក្នុងបរលោក។
ទោសបច្ចុប្បន្នត្រូវផ្ដន្ទាទោសតាមច្បាប់រដ្ឋអាជ្ញា សំដៅដល់ច្បាប់ប្រទេសជាតិ ច្បាប់នេះក្រមរដ្ឋអាជ្ញា ដែលសិទ្ធិអាចកាត់ទោសឬយកជនទាំងឡាយណា ដែលបានប្រព្រឹត្តបំពានក្នុងសង្គម យកទៅកាត់ទោសបាន។ ដូច្នេះប្រជាជនទាំងអស់នៅសម័យបុរាណ ស្ថិតនៅក្រោមច្បាប់២នេះ គឺច្បាប់សីលធម៌សង្គម និងច្បាប់ក្រមរដ្ឋអាជ្ញាៗច្បាប់ក្រមរដ្ឋអាជ្ញានេះត្រូវកាត់ទោសតាមរយៈទោសធ្ងន់ឬទោសស្រាល។ ទោសទាំងនេះដូចជារឹបអូសទ្រព្យសម្បត្តិសងដល់ម្ចាស់ដើមវិញ ទោសប្រហារជីវិត ផាកពិន័យជាមាស ប្រាក់ កាត់ម្រាមដៃ កាត់ត្រចៀក កាត់ចុងច្រមុះ កាត់ក្បាល ជាដើម។
ទោសបរលោក ទោសបន្ទាប់អំពីស្លាប់ទៅទោសនេះមានចែងយ៉ាងច្រើនក្នុងទស្សនៈរបស់ព្រហ្មញ្ញសាសនា និងព្រះព្រះពុទ្ធសាសនា។ មនុស្សគ្រប់គ្នាដែលបានធ្វើអំពើ អាក្រក់ត្រូវទទួលទោសក្នុងកំឡុងពេលនោះមានជីវិត ហើយបន្ទាប់អំពីស្លាប់ទៅត្រូវទទួលទោសក្នុងស្ថាននរក។ ប៉ុន្តែមុនទទួលទោស ត្រូវបានឆ្លងកាត់ការជំនុំជម្រះយ៉ាងសុក្រឹតអំពីស្តេចយមរាជ។ ទោសនេះហើយហៅថា ទោសបរលោក ពោលគឺទោសខាងមុខបន្ទាប់អំពីស្លាប់ទៅ។
នៅក្នុងសិលាចារឹកប្រាសាទលលៃ មានស្លោកសំស្ក្រឹតបញ្ជាក់ថា ជនណាបានយកទ្រព្យសម្បត្តិទេវស្ថាន និងត្រូវមានទោសក្នុងបច្ចុប្បន្នត្រូវព្រះរាជាយកទៅកាត់ទោស និងបន្ទាប់អំពីស្លាប់ទៅ និងទទួលបានការកាត់ទោសពីស្តេចយមរាជ។
អស្យាសុមន្តោ ហរណំ ហរន្តិ យេ តេ នរេន្ទ្រាទិហ យាតនាហ៌ាះ
យមាទមុត្រាបិ ច បាលយន្តិ យេ យាន្តុ តេ ធាម ឝិវំ ឝិវស្យ។
បែសម្រួលជាភាសាខ្មែរថា «នរជនណា ដែលបានយកទ្រព្យសម្បត្តិក្នុងទេវស្ថាននេះ នរជននោះ ត្រូវទទួលទទួលទោសអាជ្ញាទណ្ឌអំពីព្រះរាជា ហើយក្នុងបរលោកត្រូវទទួលទោសអំពីព្រះយម (យមរាជ) តែនរជនណាបានជួយថែរក្សាការពារ នរជននោះនិងទៅកាន់សិវស្ថាន ដែលជាទីប្រសើរខ្ពស់»៕