(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោកអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស ប្រធានអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស ប្រធានអនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ យុវជនបក្សឃុំ-ភូមិ និងសកម្មជនគណបក្ស សរុបប្រមាណ ២០០នាក់។
យោងតាមរបាយការណ៍សាងសង់ដោយ លោក ឈន សេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលខ្ពស់ បានបញ្ជាក់ថា សាលប្រជុំដែលសម្ពោធនាពេលនេះ មានបណ្ដោយ ១៨,២០ម៉ែត្រ និងទទឹង ៨,៤០ម៉ែត្រ អាចទទួលអ្នកចូលរួមប្រជុំបានចំនួន ២៥០នាក់ ប្រើរយៈពេលសាងសង់ចំនួន ៦ខែ និង ២២ថ្ងៃ ដោយបញ្ចាប់ការសាងសង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្រៅពីសាលប្រជុំ ក៏មានការសាងសង់របងព័ទ្ធជុំវិញស្នាក់ការបក្សប្រវែង ១៤៤ម៉ែត្រ ព្រមទាំងមានការសាងសង់ និងជួសជុលនូវសមិទ្ធផលជាច្រើនផ្សេងទៀតផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍សាងសាង់រួចមក លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងការអបអរសាទរចំពោះគណៈកម្មាធិការគណបក្សឃុំទួលខ្ពស់ ដែលទទួលបាននូវសាលាប្រជុំថ្មី និងសមិទ្ធផលនានាដែលមានសោភ័ណ្ឌភាព និងផាសុកភាព ព្រមទាំងបានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលខ្ពស់ ដែលបានបំពេញតួនាទី និងភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ជាពិសេសការខិតខំប្រឹងប្រែងកសាងសាល់ប្រជុំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។
លោករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា សមិទ្ធផលលើគ្រប់វិស័យអាចកើតមាន និងពិធីដ៏មហោឡរិកនេះ អាចប្រព្រឹត្តទៅបាន ស្របពេលដែលប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ ព្រមទាំងមាន ក្រោមម្លប់ដ៏ត្រជាក់នៃ «សន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេងដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត និងការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥០។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍មួយចំនួន ជូនចំពោះក្រុមការងារគណបក្សទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាពនៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ដូចខាងក្រោម៖
១៖ ត្រូវបន្តគាំទ្រ និងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង។ ត្រូវថែរក្សា «សន្តិភាព» ឱ្យបានគង់វង់ជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ និងសូមចូលរួមការពារតួអង្គ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ» ទាំងកិត្យានុភាព កេរ្តិ៍ឈ្មោះ និងសុវត្ថិភាព ។ លើសពីនេះត្រូវចូលរួមកម្ចាត់ចោលជាដាច់ខាតនូវនយោបាយជ្រុលនិយមដែលបង្កដោយក្រុមប្រឆាំងអគតិ និងបក្ខពួក និងគាំទ្រការរៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំច្បាប់ដកសញ្ជាតិពីបុគ្គលដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ ។
២៖ ត្រូវបន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្សជាប្រចំា ដោយត្រូវបន្តជំរុញពង្រីកសមាជិកបក្សឱ្យបានយ៉ាងតិច ៨៥%ឡើងទៅនៃបញ្ជីបោះឆ្នោត ដើម្បីសម្រេចបានគោលដៅសម្លេងឆ្នោតគាំទ្រគណបក្ស ។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់បន្ថែម ចំពោះពលករដែលត្រលប់មកពីប្រទេសថៃវិញ សូមបញ្ចូលគាត់ជាសមាជិកបក្ស និងបញ្ចូលក្នុងគ្រួសារ និងក្រុមបក្ស។
៣៖ ត្រូវបន្តអនុវត្តភារកិច្ចដែលគណបក្សប្រគល់ជូនឱ្យសកម្ម ដោយបន្តចុះតាមខ្នងផ្ទះឱ្យបានគ្រប់ភូមិ ដើម្បីផ្សព្វផ្យាយនយោបាយគណបក្ស ក្តាប់ឱ្យបានសតិអារម្មណ៍ នយោបាយ និងចុះសួរសុខទុក្ខ ដើម្បីស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងងាយស្រួលវាយបកវិញភ្លាមៗលើពួកប្រឆាំងអគតិ ដោយប្រកាន់ជានិច្ចគោលការណ៍ «មិនត្រូវទុកលម្ហឱ្យក្រុមប្រឆាំងធ្វើសកម្មភាពទាំងនៅលើដីជាក់ស្តែង និងនៅលើលម្ហអាកាស»។
៤៖ ត្រូវបន្តនិងជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាលឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាពរបស់គណបក្ស និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្ស។
៥៖ ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលិកទទួលខុសត្រូវ។
ជាទីបញ្ចប់ លោករដ្ឋមន្រ្ដី បានជួយឧបត្ថម្ភនូវថវិកា, ទូរទស្សន៍ខ្នាតធំ ១គ្រឿង, ឧបករណ៍បំពងសំឡេងមួយឈុត, កុំព្យូទ័រយួរដៃ ១គ្រឿង និងម៉ាស៊ីនព្រីន ១គ្រឿង ជូនដល់ស្នាក់ការគណៈកម្មាធិការគណបក្សឃុំ សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍គណបក្សផងដែរ៕