(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមបាល់ទាត់មានប្រជាប្រិយភាពចំនួន៨ក្រុម រៀបចំការប្រកួតបាល់ទាត់ ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ក្រោមប្រធានបទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ ការប្រកួតនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបើកឱ្យទស្សនាដោយសេរីចាប់ពីម៉ោង ៣៖០០រសៀលតទៅ។
នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ តំណាងក្រសួងព័ត៌មាន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងឱ្យក្រុមបាល់ទាត់ទាំង៨ក្រុម បានជួបជុំគ្នាធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញព្រឹត្តិការណ៍ដែលជាស្មារតីជាតិតែមួយ ការរួបរួម និងការគាំទ្រដល់កងទ័ពជួរមុខក្នុងបុព្វហេតុការពារជាតិ និងដឹកទីពីការឈ្លានពានរបស់ថៃ។
ការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ចូលរួមប្រកួតដោយក្រុមបាល់ទាត់ដើម្បីការងារសង្គមមានប្រជាប្រិយភាពចំនួន ៨ក្រុម រួមមាន៖
* ១៖ សសយក All Star
* ២៖ ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌
* ៣៖ ក្រុមបាល់ទាត់ Vlogger All Star
* ៤៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា
* ៥៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ
* ៦៖ ក្រុមបាល់ទាត់តារាកម្ពុជា
* ៧៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព
* ៨៖ ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។
លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខនេះ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយ ដើម្បីជួយដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ស្ថិតនៅជាអមតៈ។
កម្មវិធីប្រកួតបាល់ទាត់នេះ នឹងរៀបចំឱ្យមានកម្មវិធីអមមួយចំនួនដើម្បីជួយជំរុញឱ្យមានការកៀរគមូលនិធិឱ្យបានច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ កម្មវិធីប្រកួតនះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀង ដែលបង្ហាញពីស្មារតីជាតិនិយម ដែលមានដូចជាបទពង្សាវតារខ្មែរ បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេលប្រកួតកីឡាបាល់ទាត់នេះ។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ ២ម៉ឺនរៀល។
បើតាមលោក គួច វែងស្រ៊ុន រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការងារមិនបានយកមកចំណាយក្នុងការរៀបចំកម្មវិធីនេះឡើយ។ ក្រោយពេលបានទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយក្រុមការងារនឹងរៀបចំដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ នៅទិសប្រាសាទព្រះវិហារ។
សម្រាប់បងប្អូនមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៕