(កណ្ដាល)៖ លោក ណុប រតនៈ បានថ្លែងថា សិស្សានុសិស្ស គឺជាមូលធនមនុស្សមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តទៀត នៅក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុនសែន។

លោក ណុប រតនៈ តំណាងលោក ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារយុវជន ចុះត្រួតពិនិត្យកាត់វិញ្ញាសារប្រឡងសាកល្បងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលការប្រឡងសាកល្បងនេះ បានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ លោក ផេង រិទ្ធីយ៉ា នាយកវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត បានឲ្យដឹងថា ការប្រឡងសាកល្បងលើកទី៨នេះ សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងស្រុកកណ្តាលស្ទឹង ឆ្នាំនេះ មានចំនួន ៨៤៨នាក់ ក្នុងនោះមានស្រីចំនួន ៥២៦នាក់ ដែលមកពីវិទ្យាល័យចំនួន៣ គឺវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត, វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស និងវិទ្យាល័យព្រែកស្លែង ដើម្បីវ៉ាស់ស្ទង់សមត្ថភាព ឈានទៅប្រឡងថ្នាក់ជាតិ សញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ សម្រាប់ស្រុកកណ្តាលស្ទឹង បានជាប់ចំណាត់លេខ១ស្ទើរៀងរាល់ឆ្នាំ ហើយការរៀបចំប្រឡងសាកល្បងនេះ គឺបានរៀបចំធ្វើជារៀងរាល់ឆ្នាំចាប់តាំងពី២០១៧មក ដោយក្រមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសចំណូលខ្ពស់។ 

ក្នុងឱកាសនោះ លោក ណុប រតនៈ ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី និងលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ ជូនចំពោះសិស្សានុសិស្ស លោកគ្រូអ្នគ្រូ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលតែងតែមានការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់។ 

លោក ណុប រតនៈ បានថ្លែងថា ការប្រឡងសាកល្បងនេះ បានធ្វើឡើង ដោយបានការចង្អុរការបង្ហាញពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកណ្តាលស្ទឹង គឺដើម្បីជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់ប្អូនៗឱ្យកាន់តែព្យាយាមសិក្សារៀនសូត្រ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ នាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុនៗ និងដើម្បីចូលរួមលើកស្ទួយ ដល់វិស័យអប់រំឲ្យកាន់មានសន្ទុះនិងខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោក ណុប រតនៈ ក៏បានលើកទឹកចិត្ត និងជម្រុញដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឱ្យខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សល្អ មនុស្សល្អ និងជាទំពាំងស្នងឬស្សី ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តទៀត និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងបាននាំយកថវិកា ដែលជាអំណោយរបស់លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី ប្រគល់ជូនលោកនាយកសាលា ប្រធានគណៈកម្មាការប្រឡងស្រុកកណ្តាលស្ទឹង៕