(ព្រះសីហនុ)៖ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃ អអព.ទស នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ឆ្នាំ២០២៥ ស្តីពី «ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ 

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងការសិក្សាស្រាវជ្រាវត្រៀមរៀបចំ ចងក្រងនឹងបង្កើតមាតិកាអប់រំអ្នកបោះឆ្នោត ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការលើកកម្ពស់ការយល់ដឹងអំពីលទ្ធិប្រជាធិតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ដើម្បីជាគុណប្រយោជន៍ដល់អ្នកបោះឆ្នោត សាធារណជន ភាគីពាក់ព័ន្ធ និងអ្នកសិក្សាស្រាវជ្រាវ។

ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៅតាមអង្គភាពជំនាញ លោកគ្រូឧទ្ទេស, ប្រធាន លធ.ខប លោក លោកស្រីប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ និងអ្នករាជការ គ.ជ.ប នៅសាលប្រជុំរដ្ឋបាល ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។

លោក ស៊ុំ ប៊ុនហុង សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត និងអង្គភាពពាក់ព័ន្ធ ដែលបានសហការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នករាជការ គ.ជ.ប នេះឡើង។ តាមរយៈការចូលរួមក្នុងការងារបោះឆ្នោត ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោត មួយប្រជាពលរដ្ឋខ្មែរ សាធារណជន និងភាគីពាក់ព័ន្ធកាន់តែមានការយល់ដឹងពីការបោះឆ្នោត ការប្រើប្រាស់សិទ្ធិ តួនាទី និងភារកិច្ច ក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា។ ការងារអប់រំ និងការងារផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានានូវតម្លាភាពនៃការបោះឆ្នោត។ នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ គឺជាឆ្នាំដែល គ.ជ.ប ត្រូវត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា បេសកកម្មរបស់ គ.ជ.ប គឺអនុវត្តការងាររៀបចំចាត់ចែង និងគ្រប់គ្រងដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត ដោយអនុលោមតាមច្បាប់ បទបញ្ជា នីតិវិធី និងគោលការណ៍នានា ប្រកបដោយបរិយាបន្នស្របតាមច្បាប់ជាធរមាន។ ពីមួយឆ្នាំ ទៅមួយឆ្នាំ កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខ គឺឆ្ពោះទៅពង្រឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ តាមការកំណត់នៃច្បាប់។ ការងារអប់រំ ការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតហើយការងារទាំងនេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងពីការបោះឆ្នោតដល់ក្រុមគោលដៅប៉ុណ្ណោះទេ តែវាគឺជាការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធ មកលើការបោះឆ្នោតតាមរយៈការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។

លោកបានឱ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅកម្ពុជា និងពិភពលោកមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីសម្របខ្លួនទៅនឹងបរិបទឌីជីថល និងសម័យកាលអ៉ីនធឺណិត។ តួអង្គនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បាននឹងកំពុងមានប្រជាប្រិយភាព និងពេញនិយមយ៉ាងខ្លាំងក្នុងការងារជាច្រើន។ ដូច្នេះ ក្នុងនាមអង្គភាពទទួលបន្ទុកអនុវត្តការងារបោះឆ្នោតទាំងនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ ល ធ.ខប ត្រូវត្រៀមខ្លួនទាំងអស់គ្នាដើម្បីពង្រឹងសមត្ថភាពជំនាញឌីជីថល ក្នុងគោលបំណងទាញយកនូវផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AIនេះ ក្នុងការបង្កើតមាតិកាអប់រំក៏ដូចគ្នានឹងការងារត្រៀមខ្លួនក្នុងទប់ស្កាត់នូវហានិភ័យនៃព័ត៌មានក្លែងក្លាយ និងភាពលម្លៀងក្នុងការផលិតមាតិកាផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសនៅពេលដែលគេប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលបំណងកេងចំណេញនយោបាយនោះតួអង្គ AI នេះ គឺជាតួអង្គអាវុធមុខពីរ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះនឹងចែករំលែកនូវបទពិសោធន៍ល្អៗ រួមទាំងចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម ដើម្បីត្រៀមរៀបចំផែនការសកម្មភាពឆ្នាំថ្មី ក្នុងគោលបំណងពីរ គឺប្រសិទ្ធភាព និងភាពសក្តិសិទ្ធិក្នុងការអនុវត្តការងារទៅតាមតួនាទី ភារកិច្ចរាងៗខ្លួន ហើយវគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗ ចំនួន៤រួមមាន៖

*ព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
*យុទ្ធសាស្រ្តក្នុងការកំណត់ព័ត៌មានក្លែងក្លាយ និងវិធីទប់ស្កាត់ព័ត៌មានក្លែងក្លាយ
*បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបោះឆ្នោត
*ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំអ្នកបោះឆ្នោត៕