(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១នៃសាកលវិទ្យាល័យប៊ែលធីប្រមាណជាង ៥០០អង្គ/នាក់ ដឹកនាំដោយ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែល ធី អន្តរជាតិ ដែលកំពុងធ្វើទស្សនកិច្ចសិក្សា និងស្វែងយក់អំពីវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ដែលតំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាព របស់ជាតិខ្មែរទាំងមូល។
ថ្លែងក្នុងឱកាសក្រោមម្លប់នៃសុខសន្តិភាពនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា វិមានឈ្នះ ឈ្នះ មិនគ្រាន់តែជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ទាក់ទាញប៉ុណ្ណោះទេ តែនឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍគំនិតផ្សេងៗទៀតផង។
សូមជម្រាបថា ក្រោយពេលវិមានឈ្នះ ឈ្នះ សាងសង់រួច បានក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀតរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆមាសទី១ ឆ្នាំ២០២៥ មានសាធារណៈជនជាតិ និងអន្តរជាតិ ចូលទស្សនាវិមានឈ្នះ ឈ្នះ ប្រមាណ ៥លាន ៦សែននាក់ ក្នុងនោះមានគណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណជាង៩សែននាក់ មកពីជាង៧០ស្ថាប័នរដ្ឋ ជាង១០០ស្ថាប័នឯកជន និងជាង៣៥០គ្រឹះស្ថានអប់រំនៅកម្ពុជា ដែលបានមកសិក្សាលម្អិតអំពីសច្ចៈភាពប្រវត្តិសាស្ត្រកម្ពុជា នៅវិមានឈ្នះ ឈ្នះ។ ជាទូទៅក្នុងមួយសប្ដាហ៍មានសាធារណៈជនចូលទស្សនាវិមានឈ្នះ ឈ្នះ ជាង១,៥០០នាក់ មកពីគ្រប់រាជធានីខេត្ត៕