(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោក គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែ ជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្មរបស់ប្រជាកសិករជាច្រើនគ្រួសារ ដែលមានទីតាំង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ បណ្ឌិត កៅ ថាច និងសហការីក៏បានអញ្ជើញសួរសុខទុក្ខផ្ទាល់ដល់ប្រជាកសិករផងដែរ ពីស្ថានភាពរស់នៅក៏ដូចជាប្រាក់ចំណូលប្រចាំថ្ងៃលើការដាំដុះបន្លែលក់លើទីផ្សារ ដែលបានផលិតនៅក្នុងមូលដ្ឋានផ្ទាល់ និងការតភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត។
ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូ និងអភិបាលខេត្តព្រះវិហារ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ នាំគ្នាជំរុញការផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីផ្តល់ចំណូលដោយផ្ទាល់ផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកនិងម្ចាស់ការខ្លួនឯង ជំនួសការនាំចូលបន្លែពីប្រទេសជិតខាងក្នុងគោលដៅ សម្រាប់ធានាការផ្គត់ផ្គង់លើទីផ្សារ នឹងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមជនបទ។