(កំពង់ស្ពឺ)៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ បន្តបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធី សិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ក្រោមការចូលរួមពីលោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា។
លោក ឡាយ សុខហេង បានថ្លែងឲ្យដឹងថា «សព្វថ្ងៃនេះ កម្ចីក្រៅប្រព័ន្ធបានកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវ ចិត្ត។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសង ប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យខុសគោលការណ៍ និងទ្រព្យទាំងអស់ត្រូវបានរឹបអូសគ្មានសេសសល់ ដោយពុំឆ្លងកាត់ ការសម្រេចពី តុលាការជាដើម»។
លោកបានបន្តថា ការណ៍នេះសបញ្ជាក់ថា កម្ចីក្រៅផ្លូវការកំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន ដូច្នេះការបញ្រ្ជាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាពនិងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និង សហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ បញ្ហានេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាពនិងការអភិវឌ្ឍ។
លោក ឡាយ សុខហេង លើកឡើងបន្ថែមថា លើសពីនេះធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តកិច្ចការសំខាន់ៗរួមមាន៖ បន្តពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងទីស្នាក់ការកណ្តាល និងសាខា, បន្ត សហការជាមួយក្រសួងមហាផ្ទៃក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam, ពង្រឹងយន្តការដោះស្រាយបណ្តឹង បង្កើតក្រុមការងាររៀបចំ យន្តការឯករាជ្យ ក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន, រៀបចំសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក, បន្តផ្សព្វផ្សាយបទប្បញ្ញតិនានា នៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុ, បន្តផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្តាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជារៀបចំកម្ម វិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ, និងរៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សា នុសិស្ស-និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាជាដើម។
លោក ឡាយ សុខហេង ក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ដែលចូលរួម, ចូលរួមក្នុងការផ្សព្វ ផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត បែងចែកឱ្យដាច់ រវាងកម្ចីជាមួយ ស្ថាប័នស្របច្បាប់ និងកម្ចី ស្ថាប័នក្រៅច្បាប់៕