(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្ដមភរិយាសម្ដេចតេជោ ហ៊ុន សែន គឺជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅថ្ងៃសុក្រ ១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩

ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រួសារ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ជាពិសេសរួមអមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។ ​ម្យ៉ាងទៀតតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាឍ តទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ដូចនេះក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ពីសុខទុក្ខ និងសុខភាពរបស់សម្ដេចសង្ឃ-ព្រះសង្ឃត្រូវនិមន្ដចូលកាន់ព្រះវស្សាអស់កាលយ៉ាងយូរនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវបច្ច័យចំនួន ៤០លានរៀល និង៣ម៉ឺនដុល្លារ និងទេយ្យវត្ថុមួយចំនួនរួមមាន ទៀនព្រះវស្សា, អង្ករ ៥តោន, មី ចំនួន ១០០កេស, ត្រីខ ចំនួន ២០កេស, ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ទឹកក្រូច ៥០កេស,ទឹកសណ្តែក ៤០កេស, មៀនកំប៉ុង ៥កេស, ទឹកអ៊ិនសួរ ២កន្ត្រក, ទឹកត្រចៀកកាំ ២កន្ត្រក, កាហ្វេ ៥កេសនិង២កន្ត្រក, អូរវ៉ាន់ទីន ១០កេស, ទឹកដោះគោខាប់ ១០កេស, ស្ករស ៥០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកបរិសុទ្ធអារុណា ១០០កេស, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម និងថ្វាយបច្ច័យសម្តេចសង្ឃ ១,០០០ដុល្លារ, ប្រគេនបច្ច័យព្រះសង្ឃ៨អង្គទៀត ក្នុងមួយអង្គៗ ៥០០ដុល្លារ, ជូនថវិកាលោកតាអាចារ្យធំ១នាក់ ៤០ម៉ឺនរៀល, លោកអាចារ្យ ១១នាក់ទៀត ក្នុងម្នាក់ៗ ២០ម៉ឺនរៀល, លោកយាយជី-តាជី ៧០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, ជូនក្រុមភ្លេង ១២នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងឧបត្ថម្ភកូនសិស្សព្រះសង្ឃ ១០០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។

ជាមួយគ្នានេះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកបច្ច័យ ចំនួន ២៦,៨១០ដុល្លារ និង២៨លានរៀលបន្ថែមទៀត ដែលជាសទ្ធាជ្រះថ្លា របស់ប្រតិភូអមដំណើរ និងមន្ដ្រីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន វេរថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលត្រូវគង់ចាំព្រះវស្សា ក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។

នាឱកាសនោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសកុសលផលបុណ្យនាថ្ងៃនេះ សម្តេចព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរមានដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ និងជន្មាយុយឺនយូរជាងរយឆ្នាំ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែងតរៀងទៅ។

ទន្ទឹមនឹងនោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។

សួមជម្រាបថា ក្រោមការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃគ្រប់ៗព្រះអង្គដែលត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាឍទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុនសែន ក៏បានចាត់តំណាងនាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្ដអារាមចំនួន ២៦ផ្សេងទៀត ដែលវត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១គូ, ទៀនព្រះវស្សាមហាឧបាសិកា ប៊ុន ស៊ាងលី ១គូ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៥កេស, ទឹកផ្លែឈើ ៥កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ១កេស, មី ១កេសធំ, ត្រីខ ១កេស, កាកាវ ១កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ត្រីងៀត ១កន្ត្រក, សាច់ក្រក ១កន្ត្រក, អង្ករ ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ១កានស្មើ៣០លីត្រ និងបច្ច័យ ១លានរៀល៕