(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានធ្វើការណែនាំដល់មន្ដ្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងដោះស្រាយរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលប៉ះពាល់ទេសចរ និងវិនិយោគិន ដើម្បីធានាឲ្យនូវការពារសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ កិត្តិយសរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគឲ្យកាន់តែមានប្រសិទ្ធផាពខ្ពស់បន្ថែមទៀត។
ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសង្គ្រោះជូនភ្ញៀវ ជាពិសេសបង្កើនសកម្មភាព បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ដែលបង្កឲ្យមានផលប៉ះពាល់ដល់រូបរាងកាយ អាយុជីវិត ទ្រព្យសម្បត្តិ កិត្តិយស របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ កំពុងស្នាក់នៅប្រទេសកម្ពុជា។
បន្ថែមពីលើកិច្ចនេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានក៏បានណែនាំ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបទប់ស្កាត់សកម្មភាពដែលពាក់ព័ន្ធដល់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរ និងបង្ខាំង មនុស្សខុសច្បាប់ ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព សម្ភារៈអាសអាភាស ការលាងលុយកខ្វក់ និងការបង្កឲ្យមានអសន្តិសុខក្នុងសង្គម ដើម្បីអនុវត្តការចាប់ខ្លួន ឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្តែង អនុវត្តសាលក្រម សាលដីការបស់តុលាការ និងអយ្យការគ្រប់ថ្នាក់។
ឆ្លៀតក្នុងឱកាស នៃពីធីបិទវគ្គបំប៉ននេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានកោតកោតសរសើរ និងថ្លែងអំណរគុណដល់គ្រូឧទ្ទេស មកពីនាយកដ្ឋាននគរបាលការពារ ក្នុងការបង្ហាត់បង្ហាញនូវជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍។
លោកបានគូសបញ្ជាក់ថា ជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ដ្រីនគរបាលទេសចរណ៍ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដូច្នេះមន្ដ្រីត្រូវតែមានសមត្ថភាព ចំណេះដឹង ប្រាជ្ញា ស្មារតីពេញលេញ ក្នុងការការពារ អន្តរាគមន៍ និងបង្ក្រាបបទល្មើស ជូនភ្ញៀវទេសចរ។ ជាពិសេស ដើម្បីឲ្យក្លាយខ្លួនទៅជាមន្រ្តីនគរបាលយុត្តិធម៌បាន មន្រ្តីនគរបាលជាតិ ចាំបាច់ត្រូវឆ្លងកាត់ការរៀនសូត្រឆ្លងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌។ មន្រ្តីនគរបាលយុត្តិធម៌ គឺសំដៅលើជនដែលត្រូវបានទទួលស្គាល់ដោយច្បាប់៕