(កំពង់ឆ្នាំង)៖ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ ដឹកនាំដោយលោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង, លោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្ត និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះអនុវត្តវិធានការរដ្ឋបាលរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាន នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ការចុះរៀបរយសណ្ដាប់ធ្នាប់សាធារណៈនៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូខាងលើនេះ គឺធ្វើឡើងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ៥២ និងរៀបចំឲ្យមានអនាម័យ និងបរិស្ថានល្អ ដែលកន្លងមកនៅទីនោះតែងតែមានការបោះចោលនូវសំរាម និងថង់ប្លាស្ទិចចូលទៅក្នុងទឹក និងតាមទីសារធារណៈដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបាត់បង់នូវសោភ័ណភាព បឹងទន្លេសាប ទើបអាជ្ញាធរឃុំ បានស្នើសុំឲ្យមានការចុះរៀបចំរបៀបរៀបរយ ដើម្បីឲ្យមានអនាម័យល្អ និងសោភ័ណភាពឡើងវិញ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ដនៅក្នុងមូលដ្ឋាន និងឆ្លងកាត់តំបន់នេះផងដែរ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា មុនពេលចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននេះ រដ្ឋបាលស្រុកបរិបូណ៌ ធ្លាប់បានចេញសេចក្តីជូនដំណឹង ចំនួន៣លើករួចមកហើយ ដោយតម្រូវឲ្យអាជីវកររុះរើរោង និងតូបលក់ដូរមិនមានរបៀបរៀបរយដោយខ្លួនឯង។ ការជូនដំណឹងនេះ គឺបានធ្វើឡើងតាំងពីឆ្នាំ២០២២មកម៉្លេះ អាជ្ញាធរតែងតែជូនដំណឹង និងប្រកាសតាមវិទោសនសព្ទជាញឹកញាប់ តែពលរដ្ឋមិនបានអនុវត្តតាមការណែនាំ និងសេចក្តីជូនដំណឹងរបស់អាជ្ញាធរនោះឡើយ។

លោកបានបញ្ជាក់ថា តូបលក់ដូររបស់អាជីវករដែលតម្រូវឲ្យពួកគាត់រុះរើខាងលើនេះមានចំនួន១១៣តូប ឯការចុះអនុវត្តរបស់ក្រុមចម្រុះខេត្ត និងស្រុកគិតមកដល់ម៉ោង១២៖០០ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ គឺរើរុះចេញបានចំនួនជាង២០តូបហើយ ក្នុងនោះភាគច្រើនអាជីវករស្ម័គ្រចិត្តរើរុះចេញដោយខ្លួនឯង។ ចំពោះការងារចុះអនុវត្តវិធានការរដ្ឋបាលនេះ គឺធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០បញ្ចប់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវរើរុះឲ្យអស់ទៅតាមផែនការ។ លោកបានសំណូមពរដល់អាជីវករមេត្តាយោគយល់ និងសហការជាមួយអាជ្ញាធរ កងកម្លាំង សមត្ថកិច្ចដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយជាប្រយោជន៍ សម្រាប់មូលដ្ឋាន។

នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គម្រោងនៃការអ ភិវឌ្ឍន៍តំបន់ឃុំឆ្នូកទ្រូគឺមានជាច្រើនក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃផ្សារថ្មី (សមុទ្រទឹកសាបឆ្នុកទ្រូ) និងគម្រោងនៃការសាងសង់មណ្ឌលផែទេសចរណ៍, កំពង់ផែដឹកជញ្ជូនអ្នកដំណើរ, កសិផល, ទំនិញ, ផលនេសាទ, សាច់គ្រប់ប្រភេទ, ឃ្លាំងស្តុកផលិតផល,ទំនិញគ្រប់ប្រភេទ, ព្រមទាំងសាងសង់ផ្លូវរង្វង់មូល និងសួនច្បារ។

ដោយឡែកបច្ចុប្បន្ននេះ ក្នុងតំបន់ឃុំឆ្នូកទ្រូ ស្រុកបរិបូរណ៍ ក៏ត្រូវបានរៀបចំ និងទទួលស្គាល់ជា (សហគមន៍អេកូទេសចរណ៍) ក្របខណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប គឺស្របទៅតាមសក្តានុពលវិស័យទេសចរណ៍ នៅក្នុងឃុំឆ្នុកទ្រូមានជាច្រើន មានទាំងទីទួលប្រាសាទប្រវត្តិសាស្ត្រ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ និងមានដូចជាតំបន់ព្រៃលិចទឹក កោះក្រញ៉ាណ ដែលជាទីប្រវត្តិសាស្ត្រ និងចម្ការបន្លែគ្រប់មុខនៅតាមខ្នងទួលលាស់ខៀវស្រងាត់ គួរជាទីគយគន់ពីសំណាក់ភ្ញៀវទេសចរ។

ដែលយុទ្ធសាស្ត្រនេះ គឺត្រូវបានជំរុញ និងយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី និងបានបន្តមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នគឺបានជំរុញបន្ថែមឲ្យបង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិនេះ ឲ្យបានផុសផលនៅទូទាំងប្រទេសផងដែរ។

លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា កម្លាំងដែលលោកបានដឹកនាំចុះអនុវត្តការងារខាងលើនេះ រួមមាន៖ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន១៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រួមទាំងក្រុមការងារចម្រុះខេត្ត អាជ្ញាធរស្រុកបរិបូណ៌ អាជ្ញាធរឃុំឆ្នុកទ្រូ មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕