(ភ្នំពេញ)៖ អគារថ្មី នៃមណ្ឌលសុខភាពជើងឯក និងសម្ភារបរិក្ខារពេទ្យ តម្លៃជិត៣៣ម៉ឺនដុល្លារ មានកំពស់១ជាន់ ចំនួន១២បន្ទប់ ដែលជាជំនួយរបស់ដៃគូអភិវឌ្ឍន៍ ត្រូវបានប្រគល់ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងលោក រ័ត្ន ច័ន្ទសុភា នាយកសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ បាននិងកំពុងអនុវត្តគម្រោងជួសជុលកែលំអអគារមន្ទីរពេទ្យ ផ្តល់ជំនួយឧកបរណ៍ វេជ្ជសាស្ត្រ និងសម្ភារ បរិក្ខាពេទ្យផ្សេងៗ ដល់មន្ទីរពេទ្យបង្អែកទាំង៨ និងមណ្ឌលសុខភាពមួយចំនួន ចំណុះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលថ្មីៗនេះ បានផ្តល់ជំនួយម៉ាស៊ីនអេកូសាស្ត្រ ចំនួន៨គ្រឿង ដល់តាមមណ្ឌលសុខភាព ដើម្បីប្រើប្រាស់ក្នុងការផ្តល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលគិតជាថវិកាសរុបប្រមាណជាង២លានដុល្លាអាមេរិក។
លោកបន្តថា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកថា ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការចូលរួមយ៉ាងសកម្ម ពីសមាគមក្នុងភាពជាដៃគូអភិវឌ្ឍន៍ ការគាំទ្រថវិកា បច្ចេកទេស ឧបករណ៍សម្ភារៈ បរិក្ខារ ជាកត្តាចាំបាច់ ដែលមិនអាចខ្វះបាន និងបានរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាព ក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។ សមធម៌ ដែលទទួលបានក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំង អង្គភាពផ្តល់សេវា និងការផ្តល់នូវជំនួយជាសម្ភារ ឧបករណ៍ បរិក្ខារបន្ថែមស្របតាមតម្រូវការចាំបាច់ និងអាទិភាព ក្នុងការផ្តល់សេវាសុខភាព ក្នុងហិរញ្ញប្បទានសុខាភិបាល ត្រូវបានលើកស្ទួយជាបន្តបន្ទាប់ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាអាទិភាពជាយុទ្ធសាស្ត្រមួយ ដែលវិស័យសុខាភិបាលត្រូវបន្តយកចិត្តទុកដាក់ដើម្បីការកែលម្អគុណភាពសេវាសាធារណៈ បានកាន់តែប្រសើរឡើងថែមទៀត។
ក្នុងនាមរដ្ឋបាលរាជធានី លោក អ៉ីមរ៉ន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់អំណោយជាការសាងសង់អគារថ្មី កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈឧបករណ៍ បរិក្ខារ ដល់មណ្ឌលសុខភាពជើងឯក ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានកម្ពស់ ១ជាន់ ចំនួន១២បន្ទប់ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គិតជាថវិកាសរុបចំនួន ៣២៧,០០០ដុល្លារអាមេរិក។
អំណោយអគារផ្តល់សេវាសុខាភិបាលនេះ និងសមិទ្ធផលផ្សេងៗ ដែលសម្រេចបាននាពេលកន្លងមក ក្រោមជំនួយមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ គឺជាគម្រោងមនុស្សធម៌ដ៏ថ្លៃថ្លា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមលើក កម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និងរាជធានីភ្នំពេញ សំដៅចូលរួមពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត កាន់តែទំនើប គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជាពិសេសការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ដើម្បីជំរុញ អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ទេពកោសល្យដ៏ប៉ិនប្រសប់ម៉ឺងម៉ាត់ ការទទួលខុសត្រូវខ្ពស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោក រ័ត្ន ច័ន្ទសុភា នាយកសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅក្នុងគម្រោងនេះ រួមមាន សាងសង់ប្រព័ន្ធលូបង្ហូរទឹកធំ ដើម្បីបញ្ចប់បញ្ហាទឹកជន់, ជួសជុល និងពង្រីកអគារសំខាន់ៗ ដើម្បីផ្តល់សេវាសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺសង្គ្រោះបន្ទាន់ និងផ្តល់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សម្រាប់ការវះកាត់តូច និងការថែទាំស្រ្តីមានផ្ទៃពោះ។ អគារមន្ទីរពេទ្យ ដែលបានជួសជុល និងកែលម្អថ្មី ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ ដែល សមាគមបានផ្តល់ជូន នឹងពង្រីកសមត្ថភាពការផ្តល់សេវាកម្មរបស់មណ្ឌលសុខភាពជើងឯកបន្ថែមទៀត នឹងត្រូវបានថែទាំយ៉ាងត្រឹមត្រូវ និងប្រើប្រាស់ឲ្យបានយូរអង្វែង៕