(ភ្នំពេញ)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងដ៏លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DEST) ១ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំកណ្តែក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម ទទួលបន្ទុកកងលេខ ១៨០ ស្ពាន-ថ្នល់ បានឱ្យដឹងដែរថា ចាប់តាំងពីការបើកការដ្ឋានមកដល់ថ្ងៃនេះ នាយកដ្ឋានវិស្វកម្ម អនុវត្តសម្រេចបានជាង ៧០ភាគរយ បច្ចុប្បន្នបាននិងកំពុងបន្តដោយយកចិត្តទុកដាក់ ដើម្បីជំរុញការស្ថាបនាផ្លូវនេះឱ្យសម្រេចតាមផែនការ ដែលគ្រោងនឹងបញ្ចប់នៅត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ខាងមុខ។
នាឱកាសនោះលោកបណ្ឌិត នួន ដាញ៉ិល បានឱ្យដឹងថា ជុំវិញការងារអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈការស្តារ, ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ ធ្វើឱ្យប្រសើរ ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ទាក់ទងគម្រោងផ្លូវនេះ, លោករដ្ឋលេខាធិការ បានកោតសរសើរ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅក្នុងការងារស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ ជាក់ស្តែងផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការស្តារ ការស្ថាបនា និង ថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អជួយសម្រួលដល់ការធ្វើដំណើរ និងការរកស៊ី ទទួលទានផ្សេងៗ ។
តាមរយៈការស្ថាបនាផ្លូវខាងលើនេះ លោករដ្ឋលេខាធិការ បានស្នើដល់នាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវ១ ខ្សែនេះ ឱ្យចប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែល រស់នៅមូលដ្ឋាននេះផ្ទាល់៕