(ភ្នំពេញ)៖ សមាជិករដ្ឋសភា ១២៥រូប បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលឈានដល់ការធ្វើច្បាប់ដកសញ្ជាតិចំពោះជនណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយការគុបគិតជាមួយបរទេស។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញនៃរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

Fresh Exclusive រាយការណ៍៖

នៅក្នុងសេចក្តីសម្រេចមួយជាប្រវត្តិសាស្ត្ររបស់ជាតិ និងការឯកភាពទាំងស្រុង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលអនុញ្ញាតឲ្យមានការដកហូតសញ្ជាតិកម្ពុជា ចំពោះបុគ្គលដែលប្រព្រឹត្តអំពើក្បត់ជាតិ ឬឃុបឃិតជាមួយអំណាចបរទេស បំផ្លាញផលប្រយោជន៍ជាតិកម្ពុជារបស់ខ្លួនឯង។

កំណែទម្រង់ដ៏សំខាន់ ដែលត្រូវបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខាគាំទ្រដោយសមាជិកសភាទាំង១២៥រូប ដែលតំណាងឱ្យការឯកភាពនយោបាយទាំងស្រុងនៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺជាជំហានដ៏អង់អាច និងចាំបាច់ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ ការពារតម្លៃនៃសញ្ជាតិ និងការទប់ស្កាត់ការគំរាមកំហែងលើសន្តិសុខ និងឯករាជ្យរបស់ប្រទេសកម្ពុជា។

* បញ្ជាក់សាឡើងវិញ នូវអ្វីដែលជាអត្ថន័យនៃសញ្ជាតិ

សញ្ជាតិមិនមែនគ្រាន់តែជាឋានៈស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណងនៃការទទួលខុសត្រូវរវាងពលរដ្ឋនិងជាតិ។ កាតព្វកិច្ចរបស់ខ្មែររៀងរាល់គ្រប់ៗរូប គឺត្រូវការពារមាតុភូមិ និងប្រឆាំងរាល់អំពើក្បត់ជាតិ។ ដូច្នេះ នៅពេលបុគ្គលណាមួយប្រើប្រាស់សញ្ជាតិរបស់ខ្លួន ជាឧបករណ៍ដើម្បីបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងហើយ ប្រទេសនៃសាមីមិនត្រឹមតែប្រើសិទ្ធិរក្សាការពារជាតិខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកាតព្វកិច្ចផ្តាច់ចំណងសញ្ជាតិ ដើម្បីការពារអធិបតេយ្យភាពនៃជាតិរបស់ខ្លួន ដោយមិនរួញរាឡើយ។

ក្នុងកិច្ចពិភាក្សាយ៉ាងផុសផុលនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីតំណាងសមាជិកសភា ដែលជាហត្ថលេខីនានា រួមមានពីគណបក្សប្រជាជនកម្ពុជា និងពីគណបក្ស ហ៊្វុនស៊ីនប៉ិច បានបញ្ជាក់ការគាំទ្ររបស់ខ្លួនសាជាថ្មី៖

លោកស្រី ឡោក ខេង តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បែបនេះថា៖ «ក្នុងនាមនាងខ្ញុំជាតំណាងរាស្រ្ត ហើយជាក្នុងនាមជាម្ចាស់ហត្ថលេខីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជានៅក្នុងពេលនេះ គឺនាងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មនេះ»។

ចំណែកលោក ញឿន រ៉ាដែន តំណាងរាស្រ្តមកពីគណបក្ស ហ៊្វុនស៊ីនប៉ិច បានបញ្ជាក់យ៉ាងដូច្នេះ៖ «ការធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញនាពេលនេះ ទាំងទម្រង់ច្បាប់និងបទបញ្ញត្តិ គឺមានភាពត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងមានការគាំទ្រស្នើឡើងពីតំណារាស្ត្រទាំង១២៥រូបអង្គ ព្រមទាំងបានឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទូលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា អាចធ្វើទៅបាន»។

ដូច្នេះខ្លឹមសារចាស់ នៃមាត្រា៣៣ ដែលបានចែងពីមុនមកនេះថា «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិនិរទេស ឬចាប់បញ្ជូនខ្លួន ទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគា្នទៅវិញទៅមក…និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ…និងការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់» នោះ, នាពេលនេះត្រូវបានកែនិងអនុម័តថ្មី ដែលមានខ្លឹមសារថា «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»

បើទោះបីមាត្រាដើមអះអាងថា «ពលរដ្ឋខ្មែរមិនអាចត្រូវដកសញ្ជាតិបានឡើយ» ក៏ដោយ ការកែប្រែនេះមិនមែនជាការរំលោភលើគោលនយោបាយនោះឡើយ។ វាជាការបញ្ចូលនូវសុវត្ថិភាពផ្លូវច្បាប់ ដើម្បីអនុវត្តការដកសញ្ជាតិចំពោះបុគ្គលដែលក្បត់ជាតិតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនៅថ្ងៃនេះ គឺជាការចូលរួមជាមួយប្រទេសជាង១៥០ដទៃទៀត ដែលសុទ្ធតែមានច្បាប់អនុញ្ញាតការដកសញ្ជាតិដើម្បីការការពារសន្តិសុខជាតិរៀងៗខ្លួន។

មាត្រា៣៣ថ្មី បានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលបាននិងការបាត់បង់សញ្ជាតិកម្ពុជា រួមទាំងការដកហូតសញ្ជាតិកម្ពុជា គឺត្រូវកំណត់ដោយច្បាប់ ដែលស្របនឹងស្តង់ដាររដ្ឋធម្មនុញ្ញកម្ពុជា ដែលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងបទដ្ឋានសកលដែលធ្លាប់មានរួចហើយនៅក្នុងប្រទេសប្រជាធិបតេយ្យធំៗ ដូចជាប្រទេសបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងកូរ៉េខាងត្បូងជាដើម។ ជារួមនៅលើពិភពលោកនេះ មានប្រមាណជាង១៥០ប្រទេស ឬ ៧៩% ដែលមានច្បាប់ដកសញ្ជាតិ ដោយហេតុផលទាក់ទងនឹងសន្តិសុខ, ចំនួន១៣៤ប្រទេសបង្កើតច្បាប់ដកសញ្ជាតិ ដោយហេតុផល «ក្បត់ជាតិ» (treason) និងមានចំនួន៣៧ប្រទេស ដែលទើបតែបានបង្កើតច្បាប់នេះចាប់ពីឆ្នាំ២០០០នោះមក។

នៅក្នុងប្រទេសកម្ពុជានេះវិញ វិសោធនកម្ម ដែលនាំទៅរកការបង្កើតបទដ្ឋានច្បាប់ដកសញ្ជាតិ មិនមែនទើបនឹងមានជាលើកដំបូងឡើយ ហើយបើនិយាយនៅក្នុងក្របខណ្ឌអាស៊ានវិញ ក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន, កម្ពុជា គឺជាប្រទេសចុងក្រោយគេបង្អស់ ដែលទើបនឹងត្រៀមរៀបចំធ្វើច្បាប់ដកសញ្ជាតិនេះ។

ក្នុងអតីតសម័យសង្គមរាស្ត្រនិយមរបស់សម្តេចតាទួត ព្រះបាទ នរោត្តម សីហនុ កម្ពុជាក៏ធ្លាប់មានការធ្វើច្បាប់ដកសញ្ជាតិនេះដែរ បើយោងតាមខ្លឹមសារនៃឯកសារចំនួន២ ដែលត្រូវបានលាតត្រដាងកន្លងមកនេះ។ ឯកសារទីមួយ គឺជាខ្លឹមសារនៃព្រះរាជក្រមឆ្នាំ១៩៦៨ ស្តីពីច្បាប់បាត់បង់សញ្ជាតិខ្មែរ ដែលក្នុងមាត្រាមួយបានចែងថា «អាចបាត់សញ្ជាតិខ្មែរ ខ្មែរណា ដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិ ឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។

រីឯឯកសារមួយទៀត គឺក្រមរដ្ឋប្បវេណីឆ្នាំ១៩៦៧ មាត្រា២៥ស្ទួន (ចំណុច៣) បានថែងថា៖ «ជនជាតិខ្មែរ ដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមកធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទុស្សរ៉ាយនឹងសេចក្តីសុខសាន្ត ក្នុងព្រះនគរនិងក្រៅព្រះនគរហើយរត់ទៅជ្រកនឹងបរទេស ដើម្បីនឹងបន្តសកម្មភាពវិទ្ធង្សនាតទៅទៀតនោះ គឺនឹងត្រូវបាត់បង់សញ្ជាតិខ្មែរផងដែរ។

ក្នុងមាត្រា២៥ស្ទួន ក្នុងក្រមរដ្ឋប្បវេណីចាស់ដដែលនោះទៀត គឺក្នុងចំណុច២ បានសរសេរអំពីការបាត់បង់សញ្ជាតិចំពោះ «ជនជាតិខ្មែរដែលនៅបរទេស ហើយនៅតែធ្វើជាអ្នករាជការបរទេស ថ្វីបើរដ្ឋាភិបាលខ្មែរ បានបញ្ជាដាច់ខាតឱ្យលាលែងពីមុខងារនោះនៅក្នុងរយៈពេលវេលាមានកំណត់ក៏ដោយ»

* វិសោធនកម្មមាត្រាច្បាប់ គឺជាអាវក្រោះប្រឆាំងនឹងទង្វើក្បត់ជាតិ

ការធ្វើវិសោធនកម្មមាត្រាច្បាប់នាពេលបច្ចុប្បន្ននេះ មិនមែនជាការប្រព្រឹត្តឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាទង្វើនៃវិធានការផ្លូវច្បាប់ដ៏ត្រឹមត្រូវ ក្នុងការប្រឈមមុខជាបន្តបន្ទាប់នឹងអំពើបំផ្លាញជាតិបង្កឡើងដោយក្រុមជ្រុលនិយមខ្មែរមួយក្តាប់តូចរស់នៅក្រៅស្រុក។ នៅពេលដែលប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ក៏ស្រាប់តែមានទង្វើញុះញង់ និងបំពានផលប្រយោជន៍ជាតិយ៉ាងគគ្លើន ពីសំណាក់ក្រុមជ្រុលនិយមទាំងនោះដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលបានក្លាយជាឧបករណ៍ប្រើប្រាស់បម្រើនយោបាយរបស់ថៃ ក្នុងការជួយស្រែកបំពងបោកបញ្ឆោតសហគមន៍អន្តរជាតិ ដើម្បីឱ្យគេយល់ខុសពីកម្ពុជាថែមទៀត។

បុគ្គលនៃពូជពង្សជាប់ឈ្មោះក្បត់ជាតិខ្មែរជាច្រើនជំនាន់ដូចជា សម រង្ស៊ី នេះមិនត្រឹមតែបង្ហោះព័ត៌មានបំភាន់ដល់សាធារណជននោះទេ ប៉ុន្តែថែមទាំងនិយាយខុសពីការពិត ដោយចោទប្រកាន់ថា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាប្រទេសជាតិនាពេលបច្ចុប្បន្ន គ្រាន់តែជាការភ័យខ្លាច បាត់បង់ប្រាក់រាប់ពាន់លានដុល្លារ ពីបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។ សម្តីដែលគ្មានការពិតទាល់តែសោះនេះ មិនត្រឹមជាការបំពានលើកាតព្វកិច្ចជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសំឡេងស្ទួន និងជួយបំពងការចោទប្រកាន់របស់មេដឹកនាំថៃ ដែលបានយកល្បែងនយោបាយ «ចោរស្រែកចាប់ចោរ» នេះដាក់លើកម្ពុជា នៅពេលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កំពុងរួមសាមគ្គីគ្នាការពារព្រំដែន និងទប់ស្កាត់អំពើឈ្លានពានពីសំណាក់ថៃ។ អំពើបែបនេះ ជាអំពើក្បត់ជាតិ និងក្បត់ប្រជាជនខ្មែរ ដែលសមនឹងការទទួលទោសធ្ងន់ធ្ងរបំផុត តាមរយៈការដកហូតសញ្ជាតិពីប្រភេទធុនបាតមនុស្ស ដែលបានបោះបង់ស្មារតីជាពលរដ្ឋខ្មែរដោយចេតនា ហើយថែមទាំងសកម្មលើទង្វើបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិរបស់ខ្លួនឯងថែមទៀត។

វិសោធនកម្មមាត្រា៣៣ គឺជាជំហានផ្លូវច្បាប់ ដែលមានប្រយោជន៍យុត្តិធម៌ និងក៏ជាស្តង់នៃច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងការជួយគាំទ្ររបស់បរទេស តាមរយៈបុគ្គលក្បត់ជាតិនោះថែមទៀត។ វិសោធនកម្មមាត្រា៣៣ មិនមែនជាភាពរឹតបន្តឹងនយោបាយរបស់កម្ពុជានោះទេ ប៉ុន្តែជាសញ្ញានៃភាពរឹងមាំរបស់ជាតិ។ វិសោធនកម្មនេះ កំពុងបង្ហាញពីភាពប្តេជ្ញារួមរបស់ប្រជាជនកម្ពុជា ក្នុងការពារឯករាជ្យភាព ការពាររដ្ឋធម្មនុញ្ញ និងរក្សាសន្តិភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ។

ការអនុម័តវិសោធនកម្មនេះ មិនត្រឹមជាការពង្រឹងប្រព័ន្ធច្បាប់នោះទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញនូវអត្ថន័យដ៏សំខាន់នៃសញ្ជាតិខ្មែរ។ វិសោធនកម្មមាត្រា៣៣ គឺជាសារប្រកាសច្បាស់ៗថា អ្នកណាប្រព្រឹត្តអំពើក្បត់ជាតិ មិនសមនឹងទទួលបានការការពារ ឬមានអត្តសញ្ញាណជាពលរដ្ឋកម្ពុជានោះទេ។ នៅក្នុងប្រទេសកម្ពុជា ភាពស្មោះត្រង់ចំពោះជាតិ គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប ដែលស្មោះត្រង់នឹងបាវចនារបស់ខ្លួនគឺ ជាតិ សាសនា និងព្រះមហាក្សត្រ៕