(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយតបនឹងសំណួរថា តើជនដែលត្រូវបានដកសញ្ជាតិខ្មែរហើយ គាត់នឹងត្រូវបញ្ជូនទៅណា?
លោកបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះគ្រាន់តែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការរៀបចំច្បាប់ដកសញ្ជាតិ អីចឹងយើងនឹងមានច្បាប់ស្តីពីការដកសញ្ជាតិ ហើយយើងមិនទាន់ដឹងថា តើលក្ខខណ្ឌនៃច្បាប់ដកសញ្ជាតិនេះ នឹងមានចែងក្នុងលក្ខខណ្ឌអ្វីខ្លះ?»
លោកបានឧទាហរណ៍ សម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ទោះបីជាដកសញ្ជាតិ១ក៏មិនអីដែរ ដោយសារតែគាត់មានសញ្ជាតិផ្សេងទៀត។ ពលរដ្ឋខ្លះ ក៏គាត់ទទួលបានការការពារពីរដ្ឋបរទេស ដោយសារតែគាត់ធ្វើការឱ្យរដ្ឋបរទេស។ ដូច្នេះលោកបានពន្យល់ថា សម្រាប់ករណីបែបនេះ អាចនឹងបញ្ជូនទៅរដ្ឋដែលការពារគាត់នោះ។ ទោះជាងយ៉ាងនេះក្តី លោកជំរុញឱ្យសាធារណជនរង់ចាំមើល នូវខ្លឹមសារច្បាស់លាស់ នៃវិសោធនកម្មច្បាប់សញ្ជាតិ ដែលនឹងរៀបចំ នាពេលខាងមុខ។
លោកបញ្ជាក់បន្ថែមថា «ខ្ញុំសូមបញ្ជាក់ជូនថា ទាក់ទងនឹងការដកសញ្ជាតិនេះ មានលក្ខខណ្ឌមួយ នៅក្នុងច្បាប់អន្តរជាតិ ធ្វើយ៉ាងម៉េច ការដកសញ្ជាតិ កុំឱ្យគាត់ក្លាយជាជនគ្មានសញ្ជាតិ ប៉ុន្តែក៏មានលក្ខខណ្ឌ នៅប្រទេសអង់គ្លេស បើសិទ្ធិឱ្យមានការដកសញ្ជាតិរហូតដល់គាត់អត់សញ្ជាតិក៏បានដែរ បើលក្ខខណ្ឌតម្រូវ អចឹងកម្ពុជាកំពុងតែសិក្សាលើចំណុចទាំងនេះ ថាតើលក្ខខណ្ឌអ្វីខ្លះសម្រាប់ការដកសញ្ជាតិ»។
លោកបានបន្តថា ពាក់ព័ន្ធនឹងការដកសញ្ជាតិនេះ នៅកម្ពុជា គាត់នឹងបាត់បង់សិទ្ធិច្រើនណាស់ ដែលក្នុងនោះមានដូចជាភាពជាកម្មសិទ្ធិជាដើម ដែលបញ្ហានេះ ត្រូវតែពិនិត្យ និងរៀបចំទាំងអស់។ ទោះជាយ៉ាងនេះក្តី គោលការណ៍ច្បាប់ព្រហ្មទណ្ឌ ជាទូទៅមិនមានការធាក់ថយក្រោយនោះទេ។
សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តដោយសំឡេង១២៥ លើ១២៥ សំឡេង នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាការបើកផ្លូវអនុញ្ញាត ឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស៕