(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥៖៣០នាទីរសៀល។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា «បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់»

កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន២ រួមមាន៖

១៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់ លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២៖ ផ្សេងៗ។

សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានរដ្ឋសភា អនុម័តដោយសំឡេង១២៥ លើ១២៥ សំឡេង នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាការបើកផ្លូវអនុញ្ញាត ឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។

ខ្លឹមសារថ្មី នៃសេចក្តីស្នើ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»

ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។

ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕