(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោង ACSEP សមាសភាគទី១»។
សិក្ខាសាលានេះ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង, លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាប្រធានគ្រប់គ្រងគម្រោង ACSEP ប្រចាំប្រទេសកម្ពុជា និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅសណ្ឋាគារ កាបូឌីយ៉ាណា ភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងសំណូមពរនានា របស់អង្គភាពពាក់ព័ន្ធ ជាពិសេសស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ ក្នុងដំណើរការអនុវត្តគម្រោង ពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការផ្នែកឥណទានក្នុងឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយសមស្របរួមគ្នាមួយសម្រាប់ការរៀបចំយុទ្ធសាស្រ្តអនុវត្តឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នា សិក្ខាសាលានេះ ក៏បានពិភាក្សាសម្រាប់ក្របខណ្ឌអនុវត្តការងារ នៅក្នុងឆមាសទី២ បន្តក្នុងក្របខណ្ឌខេត្តគោលដៅថ្មីចំនួន ៨ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ កណ្តាល បាត់ដំបង បៃលិន និងបន្ទាយមានជ័យ ដែលបានពង្រីកវិសាលភាព និងត្រៀមពង្រីកវិសាលភាពទៅដល់ខេត្តទូទាំងប្រទេស។ បច្ចុប្បន្ន អង្គភាពអនុវត្តគម្រោង (ACSEP-PIU1) បានផ្ដល់ឥណទានដែលសរុបជាទឹកប្រាក់មានចំនួន ៩.៨ លានដុល្លារអាមេរិក ដល់អតិថិជនចំនួន ៥១៧ រូប សម្រាប់ប្រើប្រាស់ក្នុងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅចំនួន ៥ ៖ ស្វាយចន្ទី មាន់ស្រែ ដំឡូងមី បន្លែ និងស្វាយ តាមរយៈដៃគូស្ថាប័នហិរញ្ញវត្ថុដៃគូទាំង ២។
តាមរយៈការអនុវត្តដោយលទ្ធផលល្អប្រសើរនេះ គម្រោងនេះត្រូវបានពង្រីកវិសាលភាពដល់កម្រិតទូទាំងប្រទេស នៅក្នុងឆ្នាំ២០២៥។
កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការជាតិ និងគ្រប់គ្រងបំណុល (GDICDM), អង្គភាពគ្រប់គ្រងគម្រោងមកពី PIU2, ទីប្រឹក្សាគម្រោង (AVCC), តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តគោលដៅចាស់ទាំង ៦ និងខេត្តគោលដៅថ្មីទាំង ៥ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕