(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ តំណាង លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោកស្រី ហ៊ឹម ច្រឹប ព្រមទាំងក្រុមការងារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញនាំយកនូវគ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនធំ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត ស្ថិតក្នុងឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ក្នុងឱកាសបុណ្យចូលព្រះវស្សា។

នាឱកាសដ៏ប្រពៃនោះដែរ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហ៊ឹម ច្រឹប ព្រមទាំងក្រមការងារ បានបូជាផ្កាភ្ញី ធូបទៀនថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសកុសល ជូនដល់ញាតិកាដែលបានចែកឋាន ទៅកាន់លោកខាងមុខ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានថ្លែងថា យើងទាំងអស់គ្នាបានរួបរួមរៀបចំកម្មវិធីបុណ្យប្រគេនគ្រឿងបរិក្ខារផ្សេងៗដល់ព្រះសង្ឃ នៅក្នុងឱកាសនេះ គឺស្របពេលដែល ព្រះសង្ឃ ចូលព្រះវស្សាចាប់ពីថ្ងៃ ១រោច ខែអាសាធ និងចេញព្រះវស្សានៅថ្ងៃ ១៥កើត ខែអស្សុជ គឺគម្រប់៣ ខែ។

លោកបានបន្តថា «យើងបានធ្វើបុណ្យរួមគ្នាយ៉ាងសប្បាយរីករាយនាពេលនេះ ដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាពិសេសក្រោមការងារដឹកនាំប្រកបដោយភាពវៃឆ្លាត ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពមួយនេះ ឱ្យបានគង់វង្សយូរអង្វែងកុំឱ្យបាត់បង់ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ»