(កណ្តាល)៖ ក្រុមការងារបានធ្វើការបិទផ្សារជាសាធារណៈ ចំពោះឯកសារការវិនិច្ឆ័យក្បាលដីចំនួន១៨ភូមិ ស្មើនឹង៦ឃុំ ក្នុងស្រុកពញាឮ ដើម្បីឲ្យពលរដ្ឋមកផ្ទៀងោទាត់ក្រែងលោមានកំហុសណាមួយ ហើយកែតម្រូវជូន មុនពេលចេញប្លង់រឹងជាស្ថាពរ។ ករណីនេះ អាជ្ញាធរទុកពេលឲ្យតែ១៥ថ្ងៃប៉ុណ្ណោះ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២ បានថ្លែងថា នេះគឺជាព័ត៌មានជាក់លាក់មួយសម្រាប់បងប្អូន ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងឡាយដែលមានក្បាលដីនៅក្នុងតំបន់នេះ សូមអញ្ជើញមកពិនិត្យលើទិន្នន័យក្បាលដីរបស់ខ្លួនថាតើត្រឹមត្រូវពិតប្រាកដដែរឬទេបើមានកំហុសឆ្គងដោយប្រការណាមួយ សូមរាយការណ៍មកមន្ត្រី ដែលនៅប្រចាំការ ដើម្បីកែតម្រូវ ឱ្យមានភាពត្រឹមត្រូវពិតប្រាកដ ។

លោកអភិបាលរងខេត្ត បានបន្តថាថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។

តាមរបាយការណ៍របស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ សម្រាប់ភូមិទាំង១៨ ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យនាពេលនេះ មានក្បាលដីសរុបមានចំនួន១៤,៩៤២ក្បាលដី ដោយគិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចំពោះស្រុកពញាឮ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២៤លើករួចហើយ។

ភូមិចំនួន១៨ភូមិ គឺភូមិដងគោម ភូមិថ្នល់បត់ ភូមិសសី ភូមិចុងកោះ ភូមិកំពង់រទេះ ភូមិតាពៅ ឃុំកោះចិន ភូមិសង្វរ ភូមិពាមជំនីក ឃុំកំពង់លួង ភូមិត្រពាំងរបង ភូមិត្បូងវត្ត ភូមិតាគោ ភូមិទួលព្រិច ឃុំជ្រៃលាស់ ភូមិព្រៃគោល ឃុំឈ្វាំង ភូមិផ្សារដែកលើ ភូមិផ្សារដែកក្រោម ឃុំផ្សារដែក ភូមិបន្ទាយតូច ភូមិស្រះពោធិ៍ និងភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល៕