(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥» ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
វេទិកានាព្រឹកនេះ គឺជាការជួបជុំដ៏សំខាន់ប្រចាំឆ្នាំមួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងបងប្អូនប្រជាសហគមន៍ ប្រមាណជាង ៤០០នាក់ ដើម្បីពិភាក្សាអំពី ការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័ន ចំណុះឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួងទេសចរណ៍ គឺ «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» (Tonlesap Ecotourism Network) ដែលយើងអាចហៅកាត់ខ្លីជាភាសាអង់គ្លេសថាបណ្តាញថេន «TEN»។
រដ្ឋមន្រ្តី ហួត ហាក់ បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ ក៏ដូចជាអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួតក្នុងការជំរុញការអភិវឌ្ឍ ក៏ដូចជាការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា បឹងទន្លេសាប ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនអង្គពិធីថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership)។ ជាមួយគ្នានេះ លោក បញ្ជាក់អង្គវេទិកាប្រកបដោយមោទនភាពថា ក្នុងក្របខ័ណ្ឌនៃរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន កម្ពុជា គឺជាប្រទេសនាំមុខក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាផ្ទះស្នាក់អាស៊ាន។
មុននឹងបញ្ចប់ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រចាំឆ្នាំលើកទី២នេះ និងគាំទ្រឱ្យមានការបន្តរៀបចំវេទិកានេះជារៀងរាល់ឆ្នាំ ដែលអាចរៀបចំទៅតាមពេលវេលាជាក់ស្តែង។ ទន្ទឹមនឹងនេះ លោកបានគាំទ្រឱ្យមានការរៀបចំវេទិកាស្រដៀងនេះ សម្រាប់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិទាំង៥ ផ្សេងទៀត ដែលរួមមាន៖ ១៖ តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តម «ភ្នំគូលេន» ២៖ តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ ៣៖ តំបន់អេកូទេសចរណ៍ឆ្នេរ ៤៖ តំបន់អេកូទេសចរណ៍ព្រៃឡង់ ៥៖ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន។
ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ បានគាំទ្រ និងលើកទឹកចិត្តដល់អង្គវេទិកា ក្នុងការជំរុញសកម្មភាពទេសចរណ៍ទៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ ខែតុលា) និងចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុស៕