(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ បើកផ្លូវឱ្យមានការដកសញ្ជាតិតែជនណា ដែលក្បត់ជាតិខ្លួនឯង អ្នកស្រលាញ់ជាតិ មិនមែនជាកម្មវត្ថុ នៃការដកសញ្ជាតិនោះទេ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា៖ «ការធ្វើសេចក្តីស្នើច្បាប់ ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំនូវក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរណា ដែលគប់គិតជាមួយនឹងបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ»

ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា ការធ្វើវិសោធនកម្មនេះ គឺផ្អែកទៅលើមាត្រា ១៥៣ថ្មី និងមាត្រា ១៤៣ថ្មីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា ច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ បំផ្លាញជាតិ មិនមែនជាអំពើប្រល័យពូជសាសន៍ទេ ហើយប្រទេសប្រជាធិបតេយ្យធំៗជាច្រើន ក៏មានច្បាប់នេះដែរ។ ច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ បំផ្លាញជាតិ ធ្វើឡើងក្នុងពេលដែលកម្ពុជាមានឯកភាពជាតិដែលពុំធ្លាប់មាន និងធ្វើឡើងដើម្បីការពារកម្ពុជា ពីការបំផ្លាញគ្រប់រូបភាព។

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីដកសញ្ជាតិ គឺអនុវត្តចំពោះតែជនណាដែលក្បត់ជាតិខ្លួនឯងប៉ុណ្ណោះ ចំណែកអ្នកដែលស្រឡាញ់ជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិនោះទេ គឺមានតែជួយការពារផលប្រយោជន៍របស់ប្រជាជនថែមទៀតផង។ ច្បាប់ស្តីពីដកសញ្ជាតិនេះ មានគោលបំណង បន្សុតទឹកចិត្តស្នេហាជាតិ ឧត្តមគតិជាតិ និងគោលជំហរឥតងាករេចំពោះជាតិមាតុភូមិគ្រប់កាលៈទេសៈទាំង អស់។

គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាចំនួន ១២៥ អង្គ/រូប ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

អង្គរដ្ឋសភាបានពិភាក្សា អនុម័ត សេចក្តីស្នើវិសោធនកម្ម តាមនីតិវិធី ដោយបានពិភាក្សាផ្តល់យោបល់យ៉ាងល្អិតល្អន់ ពីតំណាងរាស្រ្តហត្ថលេខី តំណាងរាជរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាពីសមាជិកសមាជិការដ្ឋសភា មុនអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទាំងមូលជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥ លើ ១២៥សំឡេង៕