(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា ជនណាក៏ដោយឲ្យតែចូលសញ្ជាតិខ្មែរ ទោះតាមរយៈតូបនីយកម្មក្តី តាមការទាមទារសញ្ជាតិក្តី ត្រូវតែធ្វើសម្បថនៅមុខតុលាការកំពូលដើម្បីបង្ហាញនូវភក្តីភាព ភាពស្មោះត្រង់ឥតងាករេ និងការប្តេជ្ញាចិត្តការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក អង្គ វង្សវឌ្ឍានា ធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការដកសញ្ជាតិខ្មែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ថា ឱ្យតែជាប្រជាពលរដ្ឋខ្មែរ មានន័យថាអ្នកដែលមានសញ្ជាតិខ្មែរទាំងអស់ គឺត្រូវមានកាតព្វកិច្ចតាមមាត្រា ៤៩ ថ្មី ដែលមាត្រា ៤៩ថ្មីនេះ ចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តី ឫដោយប្រយោលក្តី ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ទៀតថា «ប្រជាពលរដ្ឋខ្មែរ ទាំងអ្នកមានសញ្ជតិខ្មែរពីកំណើត ឫអ្នកទទួលសញ្ជាតិខ្មែរតាមរយៈការទាមទារសញ្ជាតិក្តី គឺឱ្យតែជាខ្មែរត្រូវគោរពតាមមាត្រា ៤៩ , បន្ថែមពីនេះអ្នកចូលសញ្ជាតិ តាមសញ្ជាតិតូបនីយកម្មក្តី តាមការទាមទារសញ្ជាតិក្តី ទី១៖ ត្រូវមានព្រះរាជក្រឹត្យ ទី២៖ ត្រូវធ្វើសម្បថនៅមុខតុលាការកំពូល ហើយខ្លឹមសារនៃសម្បថ ដោយសារបានសញ្ជាតិខ្មែរត្រូវតែស្មោះត្រង់នឹងខ្មែរ ចឹងក្នុងខ្លឹមសារសម្បថដែលបានចែងនោះ អត់មានអ្វីក្រៅពីកាបង្ហាញនូវភក្តីភាព ស្មោះត្រង់ឥតងាករេ និងប្តេជ្ញាចិត្តការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជានោះទេ»

បើតាមលោក កើត រិទ្ធ នៅក្នុងខ្លឹមសារនៃពាក្យសម្បថពេលចូលសញ្ជាតិខ្មែរនេះ មានខ្លឹមសារដូចនេះថា ខ្ញុំសូមសច្ចាជាឱឡារិកថា ខ្ញុំមានភក្តីភាព និងសេចក្ដីស្នេហាចំពោះជាតិមាតុភូមិកម្ពុជារបស់ខ្ញុំ ហើយប្ដេជ្ញាធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារ និងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ខ្ញុំសូមប្ដេជ្ញាជាឱឡារិកថា នឹងតាំងខ្លួនជាពលរដ្ឋខ្មែរដ៏ល្អហើយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមចំណែកក្នុងការការពារខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រមទាំងលើកកម្ពស់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត៕